ទីក្រុងមូស្គូ ចង់បានកិច្ចព្រមព្រៀងសន្តិភាព មិនចង់បានបទឈប់បាញ់ជាមួយអ៊ុយក្រែនឡើយ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្សាយថា មន្រ្តីការទូតជាន់ខ្ពស់មួយរូបរបស់រុស្ស៉ី បាននិយាយថា រុស្ស៉ីចង់បានកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលដោះស្រាយឫសគល់នៃជម្លោះ ហើយមិនមែនត្រឹមជា បទឈប់បាញ់រយៈពេលខ្លី ដែលងាយដួលរលំទៅវិញ នោះឡើយ។

ក្នុងកិច្ចសម្ភាសមួយចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA នាថ្ងៃចន្ទនេះ ដែលត្រូវជាខួប៣ឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov បានលើកឡើងថា ទីក្រុងមូស្គូកំពុងស្វែងរក កិច្ចព្រមព្រៀងអ៊ុយក្រែនមួយ ដែលឋិតថេរយូរអង្វែង។
លោក Ryabkov បាននិយាយដូច្នេះថា «យើងអាចមើលឃើញដោយភាពជឿជាក់ នូវបំណងរបស់ភាគីអាមេរិក ក្នុងការស្វែងរកបទឈប់បាញ់ឆាប់រហ័សមួយ។ ប៉ុន្តែបទឈប់បាញ់ ដែលគ្មានដំណោះស្រាយរយៈពេលវែង គឺជាផ្លូវឆ្ពោះទៅរកការប្រយុទ្ធគ្នាឡើងវិញភ្លាមៗ ហើយជាការបន្តជម្លោះសាជាថ្មី ដែលមានផលវិបាកកាន់តែធ្ងន់ធ្ងរ ជាងមុនថែមទៀត រួមទាំងផលវិបាកសម្រាប់ទំនាក់ទំនងរុស្ស៉ី-អាមេរិក។ ពួកយើងត្រូវតែស្វែងរកដំណោះស្រាយរយៈពេលវែង ដែលចាំបាច់រួមមានមានមធ្យោបាយ ដើម្បីជម្នះឫសគល់ នៃអ្វីដែលបានកើតឡើង នៅក្នុងនិងជុំវិញអ៊ុយក្រែន»។
ជាចុងក្រោយ មន្រ្តីជាន់ខ្ពស់រុស្ស៉ីរូបនេះ បានបន្តថា កិច្ចពិភាក្សារុស្ស៉ី-អាមេរិក ដែលប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ កាលពីសប្តាហ៍មុន ដែលទីក្រុងមូស្គូអះអាងថា សម្រេចបានព្រមព្រៀងគ្នាធ្វើការ ដើម្បីស្តារទំនាក់ទំនងទ្វេភាគី និងដើម្បីត្រៀមរៀបចំ សម្រាប់កិច្ចចរចាអ៊ុយក្រែននោះ គឺមិនបានផ្តល់ការបកស្រាយច្បាស់លាស់ អំពីផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់អ៊ុយក្រែន ឡើយ៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print