ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ថៅកែលក់គ្រឿងសង្ហារឹម ២ នាក់ប្តីប្រពន្ធ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ពាក់ព័ន្ធករណីចាយសែកស្អុយប្រមាណជិត២០ ម៉ឺនដុល្លារអាមេរិក ។
ជនសង្ស័យម្នាក់ឈ្មោះ ថាន់ ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ (ប្តី) និងម្នាក់ឈ្មោះ ឌី ចាន់ណា ភេទស្រី អាយុ ៤២ឆ្នាំ មានអាសយ ដ្ឋានភូមិសាលាកន្សែង ផ្លូវកូនម៉ែ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ដោយចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ តាមប្រភពព័ត៌មានឲ្យដឹងថា ថៅកែលក់គ្រឿងសង្ហារឹម២ នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធសហការ ចាប់ខ្លួននៅខេត្តសៀមរាប និងបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបកម្លាំងសមត្តកិច្ចជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស រៀបចំសំណុំរឿងបញ្ជូជនសង្ស័យទាំង២ នាក់ប្តីប្រពន្ធទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរតាមនីតិវិធី ។ ប្រភពព័ត៌មានឲ្យដឹងទៀតថា ជនសង្ស័យបានចេញមូលប្បទានប័ត្រមួយសន្លឹក ដែលមានទឹកប្រាក់ប្រមា ណ ១៨ម៉ឺន៥ពាន់ ដុល្លារអាមេរិក ឲ្យទៅដើម្បីបណ្តឹង ហើយសែកមួយសន្លឹកនោះ ខណៈម្ចាស់បណ្តឹងយកទៅបើកពីធនាគារ បែរជាសែកស្អុយពុំមានប្រាក់ទេ ។ បន្ទាប់មកភាគីដើមបណ្តឹងបានព្យាយាមជួបភាគីចុងចោទ ដើម្បីទាមទារបំណុល និងរកដំណោះ ស្រាយក្រៅប្រព័ន្ធតុលាការជាញឹកញប់ដែរ ប៉ុន្តែចុងក្រោយជនសង្ស័យ២ នាក់ប្តីប្រពន្ធចេះតែគេចវេសពីបំណុល ទើបជនរងគ្រោះសម្រេចប្តឹងតុលាការឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។ រហូតដល់ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថៅកែលក់គ្រឿងសង្ហារឹមទាំង២ នាក់ប្តីប្រពន្ធកំពុងស្ថិតនៅការសាកសួររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ ។ ដូច្នោះរង់ចាំតាមដានតទៅទៀត តើវាសនាថៅកែលក់គ្រឿងសង្ហារឹម២ នាក់ប្តីប្រពន្ធ អាចរួចផុតពីការឃុំខ្លួនបានដែរទេ ៕ ដោយរ៉ារ៉ា