ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំជាមួយ១០ ក្រសួង ស្ថាប័ន ម្តងមួយៗ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ទាំង១០

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល២សប្តាហ៍កន្លងមកនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នបានចំនួន៧ ក្នុងចំណោម១០ រួមមាន៖ (១)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (៣)ក្រសួងព័ត៌មាន (៤)ក្រសួងបរិស្ថាន (៥)ក្រសួងអភិវឌ្ឍន៍ជនបទ (៦)ក្រសួងពាណិជ្ជកម្ម និង (៧)ក្រសួងរ៉ែ និងថាមពល។ កិច្ចប្រជុំនីមួយៗ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។

ក្រៅពីក្រសួងសាមី កិច្ចប្រជុំនីមួយៗក៏ទទួលបានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ដែលមានមុខងារ និងតួនាទីភារកិច្ច ប្រហាក់ប្រហែលគ្នា ឬប្រទាក់ក្រឡាគ្នា និងអង្គភាពដែលពាក់ព័ន្ធផងដែរ ដើម្បីពិនិត្យ និងស្វែងរកធាតុចូល ធ្វើយ៉ាងណាធានាកែលម្អភាពត្រួតស៊ីគ្នានៃមុខងារភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ហើយធានាឱ្យការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នទាំងអស់ អនុលោមយុទ្ធសាស្ត្របញ្ចកោណ និងគោលការណ៍កែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាបាលនីតិកាលទី៧ នៃរដ្ឋសភា «ពង្រឹង ជាជាងពង្រីក»។  ចំណុចមួយចំនួនដែលអាចលើកជាឧទាហរណ៍បានចេញពីកិច្ចពិភាក្សា មានដូចជា៖ ការរៀបចំរចនាសម្ព័ន្ធច្របាច់បញ្ចូលអង្គភាពដែលមានតួនាទីប្រហាក់ប្រហែល, ការរៀបចំមុខងារស្នូលនិងមុខងាររងរបស់អង្គភាព, សមត្ថកិច្ចដឹកនាំនិងគ្រប់គ្រង, និងមុខងារដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម ។ល។

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print