ឈ្វេងយល់ពីជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់!

ចែករំលែក៖

ភ្នំពេញ ៖ ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ សំដៅដល់បុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ ដែលត្រូវបានជ្រើសរើស អនុលោមតាមមាត្រា២៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះបើតាមប្រកាសអន្តរក្រសួង ស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់។

បើតាមប្រការ៤ និងប្រការ១២ នៃប្រកាសដដែល រដ្ឋបាលឃុំ សង្កាត់ត្រូវមានជំនួយការហិរញ្ញវត្ថុចំនួន ១រូប។ ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់មានមានតួនាទី ភារកិច្ចជាអាទិ៍មាន ១.ជារជ្ជទេយ្យករបុរេប្រទាន ២.ជារជ្ជទេយ្យករចំណូល ៣.ជាភ្នាក់ងារបើកផ្តល់ និង៤.ជាជំនួយការឱ្យមេឃុំ ចៅសង្កាត់ក្នុងការ រៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ  គ្រប់គ្រង ពិនិត្យ និងតាមដានការអនុវត្តថវិកា រៀបចំរបាយការណ៍ និងប្រព័ន្ធរបាយការណ៍ផ្ទៃក្នុងដើម្បីពិនិត្យតាមដានការអនុវត្តថវិកា រៀបចំរបាយការណ៍ស្តីពីការអនុវត្តថវិកា អនុវត្តកិច្ចប្រតិបត្តិការហិរញ្ញវត្ថុដោយគោរពតាមវិធាន និងបទប្បញ្ញត្តិហិរញ្ញវត្ថុសាធារណៈ បំពេញការងារពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុផ្សេងៗទៀត តាមការប្រគល់របស់មេឃុំ ចៅសង្កាត់។

ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ត្រូវមានគណនេយ្យភាព និងការទទួលខុសត្រូវចំពោះមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ លើការបំពេញការងាររបស់ខ្លួន និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងមួយនាក់ចំនួន ១ ០០០ ០០០ (មួយលាន) រៀល និងលាភការផ្សេងៗដែលធានាដោយកញ្ចប់ថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ សង្កាត់។ ប្រាក់ឧបត្ថម្ភខាងលើនេះ អាចនឹងត្រូវបានដំឡើងទៅតាមលទ្ធភាពថវិការបស់រដ្ឋបាលឃុំ សង្កាត់ និង តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ។ ជាមួយគ្នានេះដែរ ចំពោះការឈប់សម្រាកផ្សេងៗ គឺអនុវត្តដូចមន្ត្រីរាជការស៊ីវិលដែរ ដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន។នេះបើតាមច្បាប់ស្ដីពី ការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់។

បើតាមលោកបណ្ឌិត ទូច សុឃៈ  ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ មានឱកាសទទួលបានការអភិវឌ្ឍន៍សមត្ថភាពតាមរយៈការអនុវត្តន៍ការងារជាក់ស្តែង និងការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ។ បច្ចុប្បន្ន គ្រប់រដ្ឋបាលឃុំ សង្កាត់ សុទ្ធតែមានជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់។ លោកបានលើកទឹកចិត្តឱ្យយុវជនទាំងអស់ចូលរួមលើកិច្ចការងារនេះ ឬក៏ការងារស្ម័គ្រចិត្តផ្សេងៗទៀត ដើម្បីយកបទពិសោធន៍អភិវឌ្ឍខ្លួន និងក៏ជាចំណែកនៃការ បញ្ជ្រាបយុវជនទៅក្នុងការងារឃុំ សង្កាត់ផងដែរ៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print