ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារសុខាសៀមរាប។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ភ្ញៀវទេសចរសព្វថ្ងៃអញ្ជើញទៅទស្សនានៅផាប់ស្រ្ទីត និងអង្គរខេត្តសៀមរាប យ៉ាងច្រើនកុះករ ខណៈកំណើនភ្ញៀទេសចរណ៍ មានការកើនឡើងនេះ ដោយសារកម្ពុជាមាននូវសុខសន្តិភាព។
-សម្ដេចធិបតី ថ្លែងថា ដោយសារកត្តាសុខសន្ដិភាព កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទាក់ទាញទេសចរមកទស្សនាកម្ពុជា ហើយបើកម្ពុជាមានសង្គ្រាមមិនមានទេសចរណាមកលេងកម្ពុជាឡើយ។
-សម្ដេចធិបតី ថ្លែងថា កត្តាសន្ដិសុខនេះ គឺសំខាន់ណាស់ ដូច្នេះត្រូវថែរក្សាឱ្យបានល្អ ជាពិសេសតំបន់ទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្ដល់សុវត្ថិភាពដល់ទេសចរដែលមកលេងកម្សាន្តសប្បាយនៅប្រទេសកម្ពុជា។ នេះហើយជាកត្តាសំខាន់ ដែលត្រូវរួមគ្នាថែរក្សា និងធ្វើឱ្យបាន។
-សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា លើការធ្វើកំណែទម្រង់ការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់ឱ្យទទួលបានការសិក្សាល្អ អាចប្រកួតប្រជែងនៅក្នុងតំបន់ ជាធនធានសម្រាប់ប្រទេសជាតិ និងអបអរសាទរដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។
-សម្ដេចធិបតី ថ្លែងជំរុញដល់ពលរដ្ឋ ជាពិសេសមន្ត្រីត្រូវចេះប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានគ្រប់ៗគ្នា។
-សម្ដេចធិបតី ថ្លែងថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល គឺពាក់ព័ន្ធជាមួយជីវិតយើងគ្រប់គ្នា ដូច្នេះហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជាដែលជាអាទិភាពទីមួយ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។
-សម្ដេចធិបតី ថ្លែងថា នៅបុរាណសម័យជាពិសេសអំឡុងសម័យ កាលអង្គរ កម្ពុជាមានការរីកចម្រើនខ្លាំងក្នុងរយៈពេលជាង ៦០០ ឆ្នាំ គឺដោយសារប្រព័ន្ធអប់រំយើង ខ្លាំង។
-សម្តេចធិបតី ថ្លែងផ្តាំ និងចោទសួរទៅក្រុមមួយចំនួន ដែលតែងតែសម្តែងការព្រួយបារម្ភ ចំពោះការបាត់បង់ប្រទេសជាតិនោះថា តើនឹងបាត់ទៅណា?ខណៈប្រជាជនកម្ពុជា ពីមុនមានមិនដល់១០លាននាក់ផង តែមកដល់សព្វថ្ងៃគឺមានរហូតដល់ ១៧លាននាក់នោះ។
-សម្ដេចធិបតី ថ្លែងថា យុវជនបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ បើប្រៀបធៀបទៅសម័យមុនដែលកម្ពុជាទើបងើបពីសង្គ្រាម។ ដូច្នេះសូមកុំឱ្យការភ័យខ្លាចតាមរយៈទទួលបានព័ត៌មានមិនពិតណាមួយធ្វើឱ្យបាត់បង់ឱកាសក្នុងការសិក្សារៀនសូត្រ។ ប៉ុន្ដែបែរមកចាប់យកការភ័យខ្លាចជាកម្លាំងចិត្ត និងមានមោទនភាពចំពោះខ្លួនឯងដែលកើតជាកូនខ្មែរហើយខិតខំសិក្សារៀនសូត្រមិនឱ្យចាញ់ប្រទេសដទៃឡើយ។
-សម្តេចធិបតី ថ្លែងអំពាវនាវដល់គ្រប់ភាគីទាំងអស់ មិនថាវិស័យរដ្ឋ ឬឯកជន គប្បីរួមគ្នាលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងអំណរគុណគ្រូបង្រៀន បុគ្គលិកសិក្សា និងឪពុកម្ដាយ អ្នកអាណាព្យាបាលទាំងអស់ ដែលបានគាំទ្រដល់កូនចៅឱ្យបានបន្តការសិក្សាតាំងពីថ្នាក់តូចរហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា។
-សម្ដេចធិបតី ថ្លែងកោតសរសើរដល់សិស្ស-និស្សិតដែលបានខិតខំសិក្សាផង ធ្វើការផង ក្នុងពេលតែមួយ ដើម្បីទទួលបានថវិកាបង់ថ្លៃសាលា និងផ្គត់ផ្គង់ខ្លួនឯង ដែលនេះបង្ហាញពីការតស៊ូ ម្ចាស់ការលើខ្លួនឯងរបស់យុវជន និងជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា សុខសន្តិភាព ការរីកចម្រើន និងជីវភាពពលរដ្ឋ កាន់តែប្រសើរបានជួយដល់ពលរដ្ឋជាច្រើនសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួន ជាពិសេសការបន្តការ សិក្សាដើម្បីទទួលបានសញ្ញាបត្រនានាដែលចង់បាន។
-សម្ដេចធិបតី ថ្លែងថា វិធីសាស្រ្ដការងាររបស់សម្ដេច គឺដាក់ទិសដៅវិជ្ជមានហើយព្យាយាមដោះស្រាយ គ្រប់ការងារទាំងអស់ គឺធ្វើគ្រប់ពេល។
-សម្ដេចធិបតី ថ្លែងថា ទន្ទឹមនឹងការកសាងសមត្ថភាពផ្ទាល់ខ្លួន យើងត្រូវពង្រឹងផ្នត់គំនិតវិជ្ជមានរបស់យើងជានិច្ច ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើង។
-សម្ដេចធិបតី ថ្លែងថា នៅពេលសម្ដេច ប្រគល់ការងារដល់មន្រ្ដី សម្ដេចបានដាក់គោលការណ៍ឱ្យធ្វើ គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍។
-សម្ដេចធិបតី ថ្លែងថា ខ្លាចបាត់ប្រទេស យើងត្រូវពង្រឹងខ្លួនឯង ពង្រឹងសមត្ថភាពខ្លួនឯង ពង្រឹងជាតិរបស់យើងទាំងអស់គ្នា។
-សម្ដេចធិបតី ថ្លែងថា ការប្រើប្រាស់បច្ចេកវិទ្យា លទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺអាចធ្វើទៅបាននូវគ្រប់វិស័យទាំងអស់មិនមែនតែវិស័យអប់រំនោះទេ ដូចជាការធ្វើបច្ចុប្បន្នភាពព្រះត្រៃបិដក ឬព្រះធម៌ទៅក្នុងឌីជីថលជាដើម។ ក្រៅពីនេះយើងអាចប្រើទៅលើវិស័យទេសចរណ៍សម្រាប់ការកក់សំបុត្រ កក់សណ្ឋាគារជាដើម ដូចជា e-Visa និង e-Arrival។ ចំណែកការទិញដូរនៅលើទីផ្សារគឺបានកែប្រែមកប្រើប្រព័ន្ធ QR Code ជាដើម។
-សម្ដេចធិបតី ថ្លែងផ្ដល់អនុសាសន៍ដល់និស្សិត ក្នុងការប្រកបការងារ គឺតម្រូវការដែលយើងជួប និងបទពិសោធន៍ដែលយើងជួប គឺទាមទារឱ្យយើងដោះស្រាយ។ ដូច្នេះទន្ទឹមនឹងការកសាងសមត្ថភាព គឺត្រូវមានផ្នត់គំនិតវិជ្ជមាន ដើម្បីឈានទៅទទួលបានជោគជ័យ ជាពិសេសនៅក្នុងការងារត្រូវប្រកាន់ទស្សនវិជ្ជមាន នឹងព្យាយាមដោះស្រាយបញ្ហាដែលយើងជួបប្រទះ។
-សម្ដេចធិបតី ថ្លែងថា វិធីសាស្ត្រធ្វើការត្រូវធ្វើឱ្យលឿន និងយកអ្វី ដែលសំខាន់មកធ្វើមុន(អាទិភាវូបនីយកម្ម), ទី២ ត្រូវធ្វើឱ្យលះ ដោយត្រូវយល់ពីគោលគំនិតដែលថ្នាក់ ដឹកនាំចង់បាន និងទី៣ ត្រូវដោះស្រាយឱ្យបានល្អ បើស្ទះសុំគោលការណ៍ ដើម្បីដោះស្រាយ៕ដោយ៖តារា