ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ មានកិត្តិយសដោយទទួលបាននូវការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំចំនួន ០៣រូប ដែលមានជំនាញផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដើម្បីចូលរួមចែករំលែកក្នុងវគ្គបណ្តុះបណ្តាលស្តីពី «អភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ» ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ និងមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។
វាគ្មិនកិត្តិយសទាំង ០៣រូប នោះរួមមាន៖ (១)លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើបទបង្ហាញលើប្រធានបទ ប្រសិទ្ធភាពនៃការងារព័ត៌មាន និងសាធារណមតិ (២)លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញលើប្រធានបទ វិធីសាស្រ្តសរសេរខ្លឹមសារព័ត៌មានក្នុងបរិបទការងារក្រសួង ស្ថាប័ន និង (៣)លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ធ្វើបទបង្ហាញលើប្រធានបទ គន្លឹះសំខាន់ៗលើការងារ និងវិជ្ជាជីវៈទំនាក់ទំនងសាធារណៈ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥៕
ដោយ ៖ សិលា