ក្នុងរយៈពេលជិត១ទសវត្សរ៍ អត្រាកំណើតនៅកូរ៉េខាងត្បូង កើនឡើងជាលើកដំបូង

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្សាយថា ទិន្នន័យបឋមបានបង្ហាញថា អត្រាកំណើតនៅប្រទេសកូរ៉េខាងត្បូង ទទួលបានការកើនឡើង កាលពីក្នុងឆ្នាំ២០២៤ ដែលជាលើកដំបូងបំផុត ក្នុងរយៈពេលជិត១ទសវត្សរ៍ ខណៈវាគាំទ្រដោយកំណើន នៃការរៀបអាពាហ៍ពិពាហ៍។

អត្រាកំណើតរបស់ប្រទេសកូរ៉េខាងត្បូង ដែលសំដៅលើចំនួនកូនជាមធ្យម ដែលស្រ្តីម្នាក់ត្រូវបានរំពឹងថា នឹងមានក្នុងមួយឆាកជីវិតនោះ បានស្ថិតនៅអត្រា០.៧៥ កាលពីឆ្នាំ២០២៤ បន្ទាប់ពីនៅឆ្នាំ២០២៣ អត្រានេះបានបន្តធ្លាក់ចុះ៨ឆ្នាំជាប់ៗគ្នា ដល់០.៧២ ដែលជាអត្រាទាបជាងគេបំផុតលើពិភពលោក។ កាលពីឆ្នាំ២០១៥ អត្រាកំណើតរបស់កូរ៉េខាងត្បូង គឺ១.២៤។ ចំនួននៃការរៀបអាពាហ៍ពិពាហ៍ ដែលជាសូចនាករនាំមុខគេ នៃការកើនឡើងអត្រាកំណើតនៅកូរ៉េខាងត្បូង បានកើន១៤.៩ភាគរយ កាលពីឆ្នាំ២០២៤។
កូរ៉េខាងត្បូង បានព្យាយាមដាក់ចេញវិធានការជាច្រើន ដើម្បីលើកទឹកចិត្តឱ្យប្រជាជនក្មេងៗ នាំគ្នារៀបការបង្កើតកូន បន្ទាប់ពីប្រធានាធិបតី លោក យូន ស៊ុកយ៉ុល បានប្រកាសវិបត្តិប្រជាសាស្រ្តជាតិ និងបានគ្រោងបង្កើតក្រសួងថ្មីមួយថែមទៀត ដើម្បីផ្តោតលើការដោះស្រាយបញ្ហាអត្រាកំណើតទាប៕

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print