ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសសុំការយោគយល់ពីប្រជាពលរដ្ឋពាក់ព័ន្ធកំណាត់ផ្លូវ(កំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ) ដែលខូចខាតលំបាកធ្វើដំណើរ និងហុយ ក្រោមគម្រោងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសាររដ្ឋត្រូវយកថវិកាមកធ្វើប្រាស់ក្នុងតម្រូវការអាទិភាពវិស័យសុខាភិបាល សម្រាប់សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។
សម្តេចធិបតី ប្រកាសថា ៖«មិនមែនយើងមិនគិតគូរបងប្អូនហុយដីទេ តែយើងយកថវិកាមកប្រើប្រាស់អាទិភាពមុន ដើម្បីសង្គ្រោះអាយុជីវិត រឿងផ្លូវយើងមិនភ្លេចទេ យើងនឹងគិតគូរជាបន្តបន្ទាប់»។
គួរបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងជួសជុល ថែទាំប្រចាំកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលវេញ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងល្បឿនមធ្យម ទម្រាំកំណាត់ផ្លូវនេះ ឈានដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់ អត់ឱនអធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល ថែទាំ ប្រចាំនេះ។
សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញ “បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥” នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ៕
ដោយ ៖ សិលា