ទឹកធ្លាក់តាំងយូ ខេត្តព្រះវិហារ ដណ្តប់ដោយព្រៃឈើបៃតង មានជីវចម្រុះសម្បូរបែប ទេសភាពស្រស់ត្រកាល

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សហគមន៍អេកូទេសចរណ៍តាំងយូ ស្ថិតនៅលើកំពូលភ្នំត្បែង គ្របដណ្តប់ដោយព្រៃឈើបៃតង មានជីវចម្រុះសម្បូរបែប ទេសភាពស្រស់ត្រកាល និងវត្តតាំងយូរសាងសងលើថ្មើដុះរាងដូចសាជី (ក្រោមស្តួច លើធំ)។
រដ្ឋបាលខេត្តព្រះវិហារ បញ្ជាក់ថា ៖ ប្រជាសហគមន៍តាំងយូ មានជីវភាពប្រសើរ ដោយសារវិស័យទេចរណ៍ក្នុងតំបន់បេតិកភណ្ឌជាតិភ្នំត្បែង ។
ប្រជាសហគមន៍ទឹកធ្លាក់តាំងយូភ្នំត្បែង មានជីវភាពកាន់តែប្រសើរឡើង តាមរយៈការផ្គត់ផ្គង់បន្លែត្រីសាច់ ម្ហូបអាហារ សម្រាប់ភ្ញៀវទេសចរណ៍នៅតំបន់បេតិកភណ្ឌជាតិភ្នំត្បែង។ ប្ដូរពីការចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ប្រជាសហគមន៍នៅទីនេះ បានក្លាយជាអ្នកការពារព្រៃដ៏សកម្ម ហើយពួកគេរីករាយនឹងការដកអនុផលព្រៃឈើ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរណ៍។ ស្របពេលវិស័យទេសចរណ៍នៅភ្នំត្បែង កំពុងស្ដារជីវភាពប្រជាជន ក្រសួងបរិស្ថានក៏កំពុងសិក្សាតំបន់បេតិកភណ្ឌជាតិភ្នំត្បែងនេះ ដើម្បីស្នើទៅអង្គការយូណេស្កូ ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំជាបេតិកភណ្ឌពិភពលោកផងដែរ។
តាមរយៈព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង ដោយនៅសេសសល់ឈើប្រណីតដូចជាគ្រញូង បេង និងធ្នង់ជាដើម រួមទាំងប្រភេទឈើសម្រាប់ធ្វើជាឱសថបុរាណខ្មែរ បន្ថែមដោយសត្វព្រៃកម្រៗដូចជាសត្វកែះ ពង្រូល ប្រើស ខ្លាឃ្មុំ និងទន្សោងជាដើម បានធ្វើឱ្យតំបន់បេតិកភណ្ឌជាតិភ្នំត្បែង ក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិដ៏ទាក់ទាញ។ បន្ថែមពីនោះទឹកជ្រោះតាំងយូ ទឹកជ្រោះចក្រវិល ទឹកជ្រោះកណ្ដុរស ទឹកជ្រោះចាក់អង្រែក្រោម រូងប្រជៀវភ្នំត្បែង វត្តតាំងយូ ទីសក្ការថ្មបីដុំ និងកន្លែងទីសក្ការផ្សេងៗទៀត ជាទីតាំងដ៏សំខាន់បំផុតដែលបានទាក់ទាញភ្ញៀវទេសចរណ៍។
មានផ្ទៃដីជាង ២៥ពាន់ហិកតា ជាប់ភូមិសាស្ត្រស្រុក៥ គឺស្រុកត្បែងមានជ័យ ស្រុងរវៀង ស្រុកសង្គមថ្មី ស្រុកគូលែន និងក្រុងព្រះវិហារ តំបន់បេតិកភណ្ឌជាតិភ្នំត្បែង កំពុងរួមចំណែកជួយជីវភាពប្រជាសហគមន៍តាំងយូ ក៏ដូចជាប្រជាជនក្នុងតំបន់ជុំវិញ៕

ដោយ ៖ សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print