រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ មន្រ្តីឧទ្យានុរក្ស ប្រទះឃើញមេ និងកូនខ្ទីង២ក្បាល នៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះលើប្រព័ន្ធ Telegram ផ្លូវការ បង្ហាញពី មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការដំណាក់ហ្លួង នាថ្ងៃទី២៧ កុម្ភៈនេះ បានប្រទះឃើញមេ និងកូនខ្ទីងចំនួន ២ក្បាល នៅជិតភ្នំក្រៀល ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ស្ថិតភូមិសាស្រ្តដែនជម្រកសត្វបឹងពែរ និងព្រៃឡង់។ កូនខ្ទីង មានអាយុប្រហែល ១ឆ្នាំ។
ខ្ទីង ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ក្នុងកម្រិត VU។ ក្នុងន័យនេះ ពួកវា គឺសត្វព្រៃកម្ររបស់ពិភពលោក និងជាសត្វងាយរងគ្រោះថ្នាក់ជាសាកល។ បច្ចុប្បន្ន នៅទូទាំងពិភពលោកមានសត្វខ្ទីងប្រមាណ ២១ ០០០ក្បាល ភាគច្រើនរស់នៅក្នុងប្រទេសនាតំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ ចំពោះប្រទេសកម្ពុជា គេមិនទាន់មានទិន្ន័យច្បាស់នៅឡើយទេ ប៉ុន្តែ យោងតាមម៉ាស៊ីនថតស្វ័យប្រវត្តិ និងការល្បាតពីមន្ត្រីឧទ្យានុរក្ស សត្វខ្ទីងបង្ហាញវត្តមានគ្រប់តំបន់ការពារធម្មជាតិ។

យើងរួមគ្នាការពារសត្វព្រៃកម្ពុជាដែលមានតម្លៃវិសេសវិសាលជាសកល! ដើម្បីដោះស្រាយវិបត្តិនេះ តួអង្គសំខាន់ៗនៃស្ថាប័នរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានបើកយុទ្ធនាការ«អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា»កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយបានប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា ៕

...

 

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print