ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២៥ ពិធីបាញ់គ្រាប់ពិតអាវុធ AK47 ដល់ពលទាហានហ្វឹកហ្វឺនឆ្នាំ២០២៤ កងពលធំអន្តរាគមន៍លេខ២ ដែលប្រព្រឹត្តទៅស្ថិតក្នុងភូមិសាស្ត្រភ្នំខ្យងVA (៣១-២៨) ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក កែវ ធីមេបញ្ជាការ រង កងទ័ព ជើង គោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២។
តាមរបាយការណ៍ហ្វឹកហ្វឺនបានឲ្យដឹងថា ការអនុវត្តន៍បាញ់គ្រាប់ពិតនេះមានរយះពេល១ព្រឹក ដែលមានសិក្ខាកាម សរុបចំនួន ៩៧នាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖
-និទ្ទេសពូកែ ចំនួន ១៥នាក់ ស្មើនឹង ១៦%
-និទ្ទេសគ្រាន់បើ ចំនួន ៤៧នាក់ ស្មើនឹង ៤៨%
-និទ្ទេសមធ្យម ចំនួន ៣៥នាក់ ស្មើនឹង ៣៦%
ក្នុងឱកាសនេះដែរ លោក មេបញ្ជាការបានមាន ប្រសាសន៍ថា ៖ ចាប់ពីពេលហ្វឹកហ្វឺនរហូតមកដល់ថ្ងៃនេះបានអនុវត្តន៍ការបាញ់គ្រាប់ពិតកាំភ្លើងAK47 សម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ ទាំងបច្ចេកទេសអាវុធ និងកាយវិការបាញ់។
ទន្ទឹមនឹងនេះ លោកមេបញ្ជាការ ក៏បានរំលឹកដាស់តឿនដល់សិក្ខាកាមទាំងអស់ត្រូវតែហ្វឹកហាត់រៀនសូត្រជាប់ជានិច្ច《ស៊ូបង្ហូរញើសនៅលើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ》។ ជាមួយគ្នានោះ ឯកឧត្ដម បានលើកទឹកចិត្តជូនរង្វាន់ដល់ពលទាហានដែលមានស្នារដៃ និទ្ទេសពូកែផងដែរ ជាចុងបញ្ចប់ លោក មេបញ្ជាការ បានថ្លែងអំណរគុណ កោតសរសើរចំពោះយោធិនដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនផងដែរ ៕
ដោយ ៖ សិលា