អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងនិងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងនិងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តសាមីនីមួយៗ!

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាប លោក លោកស្រី អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ជ្រាបថា អនុលោមតាមសេចក្តីណែនាំលេខ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដូច មានក្នុងយោងខាងលើ ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវសម្របសម្រួលរៀបចំ វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុង ដែនសមត្ថកិច្ចរាជធានី ខេត្តសាមីនីមួយៗ ឱ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់ ដើម្បីរួមគ្នាពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ព្រមទាំងសំណើសំណូមពរនានា រួចធ្វើរបាយការណ៍បូកសរុបលទ្ធផល នៃការរៀបចំវេទិកាពិគ្រោះយោបល់នេះផ្ញើជូនមកក្រសួងមហាផ្ទៃ ដើម្បីផ្តល់ការគាំទ្រ និងដាក់ចេញនូវវិធាន ការដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។ ទន្ទឹមនេះ ក្នុងការអនុវត្តជាក់ស្តែងនាពេលកន្លងមក ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា មានរដ្ឋបាលរាជធានី ខេត្តមួយចំនួននៅពុំទាន់បានអនុវត្តឱ្យបានពេញលេញ ស្របតាមស្មារតីនៃសេចក្តីណែនាំដូចបានបញ្ជាក់ជូនខាងលើនៅឡើយ កត្តានេះត្រូវបានអង្គការសង្គមស៊ីវិល លើកឡើងអំពីភាពអសកម្មនៅក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ។
ក្នុងន័យនេះ ដើម្បីពង្រឹង និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធតាមរយៈការរៀបចំវេទិកា ពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលក្នុងការដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងឆ្លើយតប ទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តនីមួយៗប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ក្រសួងមហាផ្ទៃស្នើលោក លោកស្រី អភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម៖

១-ត្រូវបញ្ចូលសកម្មភាពនៃការរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែន រដ្ឋាភិបាល និងសហគមន៍នានាស្របតាមសេចក្តីណែនាំលេខ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ទៅក្នុងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ។

២-វេទិកាពិគ្រោះយោបល់នេះត្រូវដឹកនាំដោយលោក លោកស្រីអភិបាល ឬតំណាង និងមាន ការអញ្ជើញចូលរួមពីមន្ទីរជំនាញនានា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។

៣-ត្រូវកំណត់ខ្លឹមសារនៃប្រធានបទសម្រាប់វេទិកាពិគ្រោះយោបល់ ដោយផ្តោតសំខាន់លើស្ថានភាព និងបញ្ហាប្រឈមជាក់ស្តែងនៅមូលដ្ឋានពាក់ព័ន្ធនឹង៖ ការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់អង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌច្បាប់ ព្រមទាំងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ល។

៤-ក្នុងករណីចាំបាច់ រដ្ឋបាលរាជធានី ខេត្ត អាចអញ្ជើញមន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីចូលរួមធ្វើបទបង្ហាញផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

៥-ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីលទ្ធផលនៃការរៀបចំវេទិកាពិគ្រោះយោបល់ បញ្ជីសំណើសំណូមពរ និងដំណោះស្រាយនានា ព្រមទាំងបញ្ហាប្រឈមដែលមិនអាចដោះស្រាយបានផ្ញើមក ក្រសួងមហាផ្ទៃដើម្បីចាត់វិធានការបន្ត។

អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជ្រាប និងចាត់ចែងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print