ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមបោះពួយលឿនជ្រុលទៅបុករថយន្តដឹកបន្លែនៅផ្លូវបំបែកជាបួនបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ខែមិនាឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ ម៉ៅសេទុងកែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តប្រភេទដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2E0020 ដោយរថយន្តខាងលើបានដឹកបន្លែចម្រុះពេញរថយន្តបើកធ្វើដំណើរតាមបណ្ដោយផ្លូវ២០៥ទិសដៅ ពីកើតមកលិច លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនក៏ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GC5880 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេងទុងទិសដៅពីត្បូងទៅជើងល្បឿនលឿនហ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹង ឲ្យម៉ូតូខ្ទេចផ្នែកខាងមុខអ្នកបើកម៉ូតូរងរបួសបែកក្បាលសន្លប់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ដោយឡែកខាងរថយន្តរងការខូចខាតទ្វារមុខចំហៀងខាងឆ្វេងបែកកញ្ចក់អ្នកបើកបរអត់រងបួសនោះទេតែបានគេចចេញទៅបាត់ ។
ក្រោយកើតហេតុអត់មានដំណោះស្រាយ មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកហើយចរាចរណ៍ផ្លូវគោករង់ចាំដំណោះស្រាយ ៕ដោយ៖សុខាសែនជ័យ
