ប្រលោមលោកប្រចាំថ្ងៃសៅរ៍រឿង ព្រានប្រាក់អន្ទាក់ឧកញ៉ា(ត)

ចែករំលែក៖

ចាប់តាំងពីពេលនោះមក សោមា បានបាត់បង់ភាពបរិសុទ្ធនិងក្លាយជាគូកំណាន់ ដែលអាចនិយាយបានថា ជាស្រីលួចលាក់របស់ឧកញ៉ាសម្បត្តិដោយមិនខ្លាចការនិន្ទាពីអ្នកជិតខាងនោះឡើយ។ ស្ទើរតែរាល់ថ្ងៃសោមា ពេលទៅ ណាមកណា ត្រូវបានអង្គរក្សនិងអ្នកបម្រើរបស់ឧកញ៉ាដីឡូត៍៍ដឹកជញ្ជូនតាមរថយន្តទៅដល់ជណ្តើរផ្ទះ ជាហេតុធ្វើឲ្យជីវភាពគ្រួសារពូពុធកាន់តែមានជីវភាពធូរធារខ្លាំងឡើងតាមរយៈកូនស្រីទាំងពីរផ្ដល់លុយកាក់ ដែលមួយបានប្ដីលួចលាក់ជាថៅកែចិន និងមួយទៀតជាប្ដីលួចលាក់របស់ឧកញ៉ាវ័យក្មេង។

ថ្វីបើជីវភាពគ្រួសារពូពុធ និងមីងចាន់នី មានភាពប្រសើរដោយសារកូនស្រីទាំងពីរក៏ដោយ តែអ្នកជិតខាងដែលដឹងរឿងនេះនាំគ្នាពេបជ្រាយ និងរិះគន់យ៉ាងខ្លាំងចំពោះទង្វើនេះថា គ្រួសារពូពិតមីងចាន់នី មានដោយសារលក់កូនក្រមុំឱ្យអ្នកមាន។
ក្រឡេកមកមើលកំលោះវិសាលវិញ ចាប់តាំងពី ភាវី សង្សារបណ្ដូលចិត្តបែកចិត្តបែកថ្លើមមានអ្នកថ្មី ធ្វើឲ្យជីវិតរបស់គេគ្មានន័យ ហើយពីមួយថ្ងៃទៅមួយថ្ងៃ តែងកើតទុក្ខក្រៀមក្រំចំពោះស្នេហាដែលរុះរោយ។ អំឡុងពេលច្រើនខែមកនេះ វិសាល ធ្លាក់ខ្លួនស្គាំងស្គម ហើយការសិក្សាក៏ធ្លាក់ចុះមួយកម្រិតធំ។ មួយថ្ងៃៗគេតែងអង្គុយសញ្ជប់សញ្ជឹងនៅក្រោមដើមជ្រៃ និងតែងរំលឹកនូវអនុស្សាវរីយ៍ចាស់ដ៏ផ្អែមល្ហែមរវាងគេនឹងភាវី រួមជាមួយអនុស្សាវរីយ៍កម្សត់កម្រជាច្រើនទៀត។ កំលោះយើងហួសចិត្តកាលបើនិរាសស្នេហ៍គ្រាដំបូងដែលមិនធ្លាប់មានបទពិសោធន៍។ ម្ដងនេះ គេឆ្អែតចិត្ត និងជឿហើយស្រីចិត្តសាវ៉ា ស្រីចិត្តរយពាន់ដូចភាវី។
កំពុងតែស្លុងអារម្មណ៍យ៉ាងកណ្ដោចកណ្ដែង និងចាក់ស្រេះក្នុងខួរគិតវិលវល់ស្ទើរផ្ទុះក្បាលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងមកឈប់សំចតនៅក្រោយខ្នងវិសាលដែលកំពុងលន្លង់លន្លោចនឹកស្រមៃរឿងអតីតកាល។ ស៊ីផ្លេរថយន្តបានបន្លឺឡើង÷
– ទីន!ទីន!
ភ្ញាក់ដូចគេចោល វិសាលប្រញាប់ក្រឡេកមើលម្ចាស់រថយន្តស្រាប់តែប្រទះឃើញនារីស្រស់ស្អាតម្នាក់ដែលគេស្គាល់ពីថ្ងៃមុន។
– អូ! គឺ វតី ទេឬ ?
– ចា៎! គឺខ្ញុំ (ឆ្លើយរួចវតីបានបើកទ្វារចុះពីលើរថយន្តដើរសំដៅទៅជិតវិសាល)
– បងវិសាលសុខសប្បាយទេឬ?
– អូ ! បងសុខសប្បាយទេ ចុះអូននិងអ៊ំប្រុសវិញ សុខសប្បាយដែរទេ?
– ខ្ញុំ ប៉ានិងម៉ាក់សុខសប្បាយទេ បង! ប៉ុន្មានថ្ងៃមកនេះប៉ាបានស្វែងរកក្រុមគ្រួសារយើង ជាពិសេសអ្នកមីងម្ដាយរបស់បងវិសាលនេះតែម្តង។
– តើគាត់រកម៉ែមានការអីទៅ?
– ប៉ានិងម៉ាក់រៀបចំធ្វើបុណ្យនិងពិធីជប់លៀងជួបជុំញាតិមិត្ត ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់របស់ពួកគាត់។ ម្យ៉ាង ក៏ជាការរៀបចំពិធីជូនដំណើរខ្ញុំ មុនចាកចេញពីកម្ពុជាទៅបន្តការសិក្សានៅអាមេរិកដែរ។ ដូច្នេះសំណាងហើយដែលខ្ញុំបានក្រឡេកឃើញបងកំពុងអង្គុយម្នាក់ឯង នេះ…សំបុត្របុណ្យសូមបងកុំប្រកាន់ និងសូមកុំភ្លេចជម្រាបមីងផង ព្រោះប៉ាគាត់បានទូរសព្ទជម្រាបគាត់ម្ដងរួចទៅហើយ នៅឡើយតែសំបុត្រនេះមិនទាន់បានជូនដល់ដៃប៉ុណ្ណោះ។
និយាយរួចស្រស់ធីតាថ្ពាល់ខួចបានហុចសំបុត្របុណ្យជូនវិសាលដោយក្តីរីករាយ។ ចំណែក វិសាល ប្រញាប់លើកដៃទទួលយកសំបុត្រពីប្អូនស្រីជីទួតមួយទាំងញាក់ញ័រព្រោះតែកំលោះយើងគិតថា ជាលើកទីមួយដែលខ្លួនគេទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីនារីដ៏ស្រស់ស្អាតម្នាក់។
ក្រោយពេលសន្ទនារួច វតី លើកដៃសំពះលាកំលោះយើងរួចឡើងរថយន្តបើកចេញទៅបាត់ស្រមោល។
– អ៊ីចឹងអូនសុំលាហើយ អូនសង្ឃឹមថា មីងនិងបងប្រុសនឹងអញ្ជើញចូលរួមក្នុងកម្មវិធីនេះមិនខាន។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print