ភ្នំពេញ ៖ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចែករំលែកនូវបទពិសោធជោគជ័យនៃការធ្វើកំណែទម្រង់ក្រសួង និងបានអំពាវនាវដល់ ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន សូមបន្តសហការ និងជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមបណ្តុះបណ្តាលជំនាញឌីជីថល និងលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់ប្តេជ្ញាចូលរួមកម្មវិធីបណ្តុះបណ្តាលនានា ដើម្បីទទួលបានចំណេះដឹងបន្ថែមនិងពង្រឹងជំនាញបច្ចេកវិទ្យាឌីជីថល ដោយធ្វើការទាញយកកាលានុវត្តភាពជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ក៏ដូចជាចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។
ប្រសាសន៍ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លើកឡើងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល ជំនាញបច្ចេកទេសឌីជីថល និងជំនាញឌីជីថលចាំបាច់” ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ស្ថាប័ន ទាំង១៦ សរុបចំនួន ៣៨២រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៥ឆ្នាំមកនេះ វិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានផ្ដល់ការបណ្ដុះបណ្ដាលដល់មន្រ្តីរាជការនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបប្រមាណជាង ១១ ០០០នាក់ ដែលការបណ្ដុះបណ្ដាលនេះផ្អែកលើកម្មវិធីបណ្ដុះបណ្ដាលចំនួន ៣រួមមាន ៖ (១). ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល ជាកម្មវិធីបណ្តុះបណ្តាលសម្រាប់សមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន (២). ជំនាញបច្ចេកទេសឌីជីថល គឺសម្រាប់មន្ត្រីជំនាញបច្ចេកទេសដែលគ្រប់គ្រងឌីជីថលនៅតាមបណ្តាក្រសួង ស្ថាប័ន និង (៣). ជំនាញឌីជីថលចាំបាច់ គឺសម្រាប់មន្ត្រីរាជការទូទៅដែលជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអនុវត្តនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ សិលា