ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជេីញ ទស្សន កិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជាស្ថិត នៅ ភូមិជ្រលង ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាល ស្រុកព្រៃនប់ លោកមេឃុំទឹកល្អក គ្រូមត្តេយ្យសិក្សាសហគមន៍និងអ្នកពាក់ព័ន្ធជាច្រើននាក់។
មត្តេយ្យសិក្សាសហគមន៍ក្នុងឃុំទឹកល្អកមាន៤កន្លែង គ្រប់ភូមិទាំង៤ និងគ្រូបង្រៀនបានចូលជាមត្តេយ្យស្ដង់ដា៣រូប គឺភូមិទួល ភូមិជ្រលង និងភូមិកំពង់ស្មាច់តូច។ ក្នុងនោះសិស្សមត្តេយ្យសហគមន៍ទាំង៤សាលាសរុបចំនួន ៩០នាក់ ស្រី៤០នាក់។
ក្រោយពីបានស្ដាប់របាយការណ៍លោកមេឃុំរួចមក លោកស្រីគឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការបាន បង្ហាញនូវគោលបំណងនៃកិច្ចប្រជុំពិភាក្សាលើកទី២ និងសេចក្តីព្រាងយុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអប់រំ ហើយកិច្ចពិភាក្សាបានឈានមកដល់ដំណាក់កាលលើកទី២នេះ ទី១ បានធ្វើកិច្ចពិភាក្សាកម្រិតសាលារៀននៅឯសាលាមត្តេយ្យសិក្សាសហគមន៍នៅខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ពីតួនាទីដ៏សំខាន់នៃសហគមន៍ដែលបានជួយជ្រោមជ្រែងដល់សាលាមត្តេយ្យសិក្សាសហគមន៍ឱ្យបានដំណើរការទៅយ៉ាងល្អទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិស្ថានផងដែរ។ ចាប់ពីឆ្នាំ២០០២ ស្របតាមគោល នយោបាយ វិមជ្ឈការនិង វិសហមជ្ឈការក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចាប់ផ្ដើមផ្ដល់នូវថវិកាសម្រាប់ការអភិវឌ្ឍឃុំ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការ ប្រតិភូកម្ម ការអប់រំកុមារតូច បឋម និងការអប់រំក្រៅប្រព័ន្ធទៅដល់រដ្ឋបាលស្រុកក្នុងការគ្រប់គ្រង។ លើសពីនេះរដ្ឋបាលឃុំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ថវិកាគាំទ្រទៅដល់ដំណើរការនៃមតេ្តយ្យសិក្សាសហគមន៍នេះ រួមជាមួយ នឹងការចាប់ផ្ដើមយល់ដឹងរបស់អាណាព្យាបាលដែលពីមុនមានប្រមាណ៤០ភាគរយ ហើយបច្ចុប្បន្នមានប្រមាណ៧០ភាគរយដែលបានយល់ពីសារៈសំខាន់នៃការចូលរៀនមត្តេយ្យសិក្សា ធ្វើឱ្យកុមារមានបំណិនមុននឹងឈានចូលបឋមសិក្សា។ ការអប់រំកុមារតូចគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់និង ទាមទារភាពរឹងមាំសម្រាប់សិស្សានុសិស្ស ឱ្យទទួលបានទាំងជំនាញរឹងនិងជំនាញទន់ ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១ ដូចជាការគិតស៊ីជម្រៅ ជំនាញដោះស្រាយបញ្ហាជាដើម ចេះចែករំលែក ចេះធ្វើការងារជាក្រុម ដែលទាំងអស់នេះនឹងក្លាយជាស្ពាន ឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត ។
សាជាថ្មីម្ដងទៀត តាងនាមក្រសួងអប់រំ យុវជន និង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោត សរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ អ្នកគ្រូមត្តេយ្យសិក្សាសហគមន៍ និងសហគមន៍បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងដំណើរការជួយគាំទ្រដល់មត្តេយ្យសិក្សាសហគមន៍ទូទាំងខេត្តឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមលើកទឹកចិត្តដល់សហគមន៍ និងដៃគូពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រដល់មត្តេយ្យសហគមន៍ដើម្បីការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព ដើម្បីពួកគាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអប់រំកម្រិតបឋមសិក្សា ក្លាយខ្លួនជាធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕