ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Zhong Jie អ្នកផ្ដល់ប្រឹក្សាផ្នែកពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ គោលបំណងនៃជំនួបនេះគឺដើម្បីពិភាក្សាអំពីសកម្មភាព និងជំហានយុទ្ធសាស្រ្តដែលគួរអនុវត្តដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

ក្នុងជំនួបនេះ លោកស្រី ទេសាភិបាល បានមានប្រសាសន៍លើកឡើងពី អនុស្សរណៈយោគយល់ (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” ដែលធនាគារជាតិនៃកម្ពុជា បានចុះជាមួយ ក្រុមហ៊ុន Alipay និង UnionPay International ក្នុងគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដោយប្រើ KHQR នៃប្រព័ន្ធបាគង និងឃ្យូអរកូតសកលរបស់ក្រុមហ៊ុនទាំងពីរ។

ទន្ទឹមនេះ លោកស្រី បានស្នើឱ្យបន្តការគាំទ្រដល់ការកសាងសមត្ថភាពនិស្សិត និងមន្ត្រី តាមរយៈការបង្កើនចំនួនអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សានៅប្រទេសចិន ព្រមទាំងពិចារណាលទ្ធភាពបញ្ចូនមន្ត្រីជំនាញពីធនាគារកណ្ដាលចិន (PBOC) មកផ្តល់ជំនួយបច្ចេកទេសធនាគារដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងសមត្ថភាពស្ថាប័នផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print