ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានប្រកាសរៀបចំគម្រោងធ្វើបាតុកម្មនៅប្រទេសកូរ៉េ ក្រោមលេសពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពជាតិ និងកោះគុតជាដើម បើទោះបីជារាជរដ្ឋាភិបាល បានបញ្ជាក់ម្តងហើយម្តងទៀតថា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចរចាក៏ដោយរវាងកម្ពុជានិងថៃនៅឡើយ ក៏ពួកគេនៅតែយករឿងនេះ ជាលេសដើម្បីរៀបចំធ្វើ បាតុកម្មដដែល។ ជារឿយៗក្រុមប្រឆាំងតែងតែយកបញ្ហាអធិបតេយ្យជាតិ បូរណភាពទឺកដី និងប្រជាធិបតេយ្យ ធ្វើជារបៀបវារៈនយោបាយទុច្ចរិតរបស់ខ្លួន ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ ដឹកនាំការធ្វើបាតុកម្មដើម្បីបំផ្លាញមុខមាត់ប្រទេសកម្ពុជានៅក្រៅប្រទេស ក៏ដូចជាបង្កចលាចលនៅប្រទេសគេ ដែលទង្វើទាំងអស់នេះ អាចនឹងប្រឈមផ្លូវច្បាប់ ប្រសិនបើដើរហួសបន្ទាត់ក្រហម។
បើយោងតាមព័ត៌មានដែលលេចលឺចេញពីសកម្មជនប្រឆាំង នៅក្រៅស្រុកបានលើកឡើងថា ខាងប៉ូលីសកូរ៉េ នឹងចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គលណាដែលបានប្រព្រឹត្តខុសនឹងច្បាប់របស់ប្រទេសគេ អាចចាប់ញាត់គុកបណ្តោះអាសន្ន ឬត្រូវបណ្តេញចេញមកខ្មែរវិញជាបន្ទាន់ក៏អាចថាបាន។
មហាជនទូទៅមើលឃើញថា ការធ្វើបាតុកម្មដែលជាឧបករណ៍នយោបាយរបស់ក្រុមជ្រុលនិយម ការនិយាយញុះញង់បំផ្លើសការពិតពីប្រទេសកម្ពុជា ការបញ្ឆេះកំហឹងជាតិសាសន៍ ការលាបពណ៌ប្រមាថមើលងាយថ្នាក់ដឹកនាំខ្លួនឯងនៅចំពោះមុខអន្តរជាតិ មិនមែនជាដំណោះស្រាយដែលអាចទទួលបានលទ្ធផលល្អនោះឡើយ។ ជាងនេះទង្វើបាតុកម្មបះបោរ នឹងធ្វើឱ្យបរទេសមើលស្រាលចំពោះជាតិសាសន៍ខ្លួនឯងទៅវិញ ព្រមទាំងធ្វើឱ្យប៉ះពាល់ទៅដល់ការងារនៅពេលបច្ចុប្បន្ននិងទៅអនាគតផងដែរ។ តាមដែលព័ត៌មានធ្លាប់ទទួលបាន គឺប្រទេសកូរ៉េ មិនសប្បាយចិត្តនោះឡើយ នៅពេលដែលពលករកម្ពុជា ធ្វើបាតុកម្មបង្កការអុកឡុក ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅប្រទេសរបស់គេ ដែលចាំបាច់លើកនេះគេនឹងចាត់វិធានការ ជាក់ជាមិនខាន។
លើសពីនេះ បាតុកម្មនៅកូរ៉េ ដែលមានមេក្លោងជាជនក្បត់ជាតិ និងជាទណ្ឌិតរត់ចោលស្រុកនៅពីក្រោយខ្នង មានផែនការទុច្ចរិតបំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបង្កើតជាចលនាបះបោរណាមួយក្រោមលេសបញ្ហាអធិបតេយ្យជាតិ បូរណភាពទឹកដីនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើនយោបាយចងគំនុំសងសឹកបំផ្លាញផលប្រយោជន៍រួមរបស់ប្រទេសជាតិនិងប្រជាជន។ កន្លងមក ទណ្ឌិតក្បត់ជាតិ និងបក្ខពួក តែងតែធ្វើការអំពាវនាវដោយបង្កប់ចរិតពិសពុល បំបែកបំបាក់សាមគ្គីជាតិខ្មែរ ចង់ឱ្យពលរដ្ឋខ្មែរក្នុងស្រុក ដើរតាមពួកគេ ដោយងើបបះបោរ និងចង់ដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ ព្រោះតែពួកគេបោះឆ្នោតមិនដែលឈ្នះ។
ដូចនេះ ការចូលរួមធ្វើបាតុកម្មនៅកូរ៉េ ស្មើនឹងចូលរួមជាមួយចលនាឧទ្ទាមដែល ចង់បង្កវិទ្ធង្សនា ក្នុងចេតនាបំបែកបំបាក់ និងបំផ្លាញមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងបង្កចលាចលវឹកវរនៅប្រទេសគេ ដែលអាចនឹងត្រូវប្រឈមមុខជាមួយវិធានការច្បាប់ ឬត្រូវបាត់បង់ការងារ។ ដើម្បី កុំឱ្យជាប់ពាក់ព័ន្ធជាមួយចលនាឧទ្ទាមក្បត់ជាតិ ជម្រើសដ៏ល្អ គឺកុំចូលរួមជាមួយបាតុកម្មដែលដឹកនាំដោយជនក្បត់ជាតិនៅពីក្រោយ ព្រោះលទ្ធផលអាចនឹងអាក្រក់ប្រសិនមានបញ្ហាអ្វីមួយកើតឡើងក្នុងហ្វូងមនុស្សច្រើន ដែលពេលនោះមេក្លោងបាតុកម្មនឹងរត់យករួចខ្លួនចោលបងប្អូនមិនខាង៕
ដោយ៖ មាន មេត្តា