អាជ្ញាធរខេត្តសៀមរាប រៀបចំសាងសង់អនុវិទ្យាល័យ និងជួសជុលកែលម្អផ្លូវធ្វេីឱ្យប្រសេីរឡេីងប្រវែងជាង ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី តាមបញ្ជា នាយករដ្ឋមន្ត្រី

ចែករំលែក៖

ខេត្តសៀមរាប ៖ តបតាមបទបញ្ជារបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នាឱកាសចុះពិនិត្យសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលេី ខេត្តសៀមរាប និងសំណេះសំណាលជាមួយបងប្អូនសមាជិកសហគមន៍ កាលពីថ្ងៃ២៥ ខែកុម្ភ: ឆ្នាំ២០២៥កន្លងទៅ ដោយបានផ្តល់គោលការណ៍ឱ្យសាងសង់អនុវិទ្យាល័យ និងជួសជុលកែលម្អផ្លូវធ្វេីឱ្យប្រសេីរឡេីងប្រវែងជាង ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី ដោយបានប្រគល់ភារកិច្ចជូនលោក ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ មេបញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលបន្ទុកសាងសង់។

បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ លោកអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ បានចុះទៅជួបបងប្អូន អ៊ំពូមីង តាយាយ លោកគ្រូអ្នកគ្រូ និងសហគមន៍ ក្នុងគោលបំណងសាកសួរបន្ថែមអំពីចំណាប់អារម្មណ៍ និងការឯកភាពក្នុងការរៀបចំ ៖
១/ ការធ្វេីឱ្យប្រសេីរឡេីងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី ដែលជាផ្លូវចរាចរណ៍ទេសចរដ៏សំខាន់របស់សហគមន៍អន្លង់ធំ មានប្រវែងប្រមាណជាង ៦គីឡូម៉ែត្រ ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរ និងសុវត្ថិភាពដល់ភ្ញៀវទេសចរក៏ប៉ុន្តែការជួសជុលនេះ គឺឈរលេីការថែរក្សាសណ្ឋានផ្លូវដេីម ដោយមិនធ្វេីឱ្យមានការប៉ះពាល់ណាមួយនោះទេ ពិសេសក៏មានការឯកភាពពីតំណាងសហគមន៍ផងដែរ។ ការជួសជុលកែលម្អឱ្យប្រសេីរឡេីង បានចាប់ផ្តេីមដំណេីរការចាប់ពីថ្ងៃទី២៨ កុម្ភ: ដោយមានការចូលរួមសហការជាប់ជាប្រចាំពីតំណាងសហគមន៍ សំដៅធានាបានការឯកភាពគ្នា និងថែរក្សាសណ្ឋានផ្លូវដេីម និងមិនបាត់បង់គុណតម្លៃវប្បធម៌របស់យេីង។

២/ ក្រោយពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មានការឯកភាពរួមគ្នាក្នុងការសម្រេចឱ្យសាងសង់អនុវិទ្យាល័យថ្មី នៅទីតាំងថ្មី អគារថ្មីមួយខ្នង ពីរជាន់ ១២បន្ទប់ ជាជំហ៊ានទីមួយ ហេីយនឹងរៀបចំក្របខណ្ឌស្នេីសុំជាវិទ្យាល័យទៅថ្ងៃក្រោយ។ បច្ចុប្បន្នគ្រឿងចក្របានដាក់ដល់ទីតាំង សម្រាប់ត្រៀមសម្អាត និងឈូសឆាយដីថ្មីតែនៅមិនទាន់អាចដំណេីរការបាននោះទេ គឺត្រូវរង់ចាំជំនាញចុះមកពិនិត្យ និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះសិន ដេីម្បីអាចនឹងចាប់ផ្តេីមការសាងសង់បាននៅពេលដ៏ខ្លីខាងមុខ។ ព្រមជាមួយគ្នា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានឯកភាពផ្តល់ជូននៅអគារទីចាត់ការ ០១ខ្នង អគារបណ្ណាល័យ ០១ខ្នង និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ ០១ខ្នង ដែលមាន ០៣បន្ទប់គេង ជូនដល់សាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែអន្លង់ធំ ហេីយបានចាប់ផ្តេីមដំណេីរការសាងសង់ចាប់ពីថ្ងៃទី០១ មីនា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print