ខេត្តបាត់ដំបង÷ កាលពីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាត់ដំបង ។ កម្មវិធីមានការចូលរួម ពីថ្នាក់ ដឹកនាំពីស្ថាប័នក្រសួងពាក់ព័ន្ធនានានិងអាជ្ញាធរខេត្តរួមទាំងកងកម្លាំងទាំង៣ មន្រ្តីក្រោមឱវាទក្នុងខេត្តទាំងមូលផងដែរ។
លោកសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបានអានរបាយការណ៍គ្រោះមហន្តរាយខេត្តឱ្យដឹងថា គ្រោះ មហន្តរាយខេត្តជាសេនាធិការឲ្យថ្នាក់ជាតិបានរៀបចំ ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោបន្ទាន់ គ្រោះមហន្តរាយឆ្នាំ២០២៥នេះរួមមាន រៀបចំកែសម្រួល សមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តជំរុញផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន(១២៩៤) ពង្រឹងសមត្ថភាពការគ្រប់គ្រងរបាយការណ៍ តាមប្រព័ន្ធព្រីហ្សឹម(PRISM)ទាំងនៅថ្នាក់ខេត្ត និងក្រុងស្រុក,រៀប ចំផ្សព្វផ្សាយផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយឆ្នាំ២០២៥ សេនាធិការឱ្យថ្នាក់ជាតិសន្យាថានឹងខិតខំបន្តកៀរគរអង្គការដៃគូ សប្បុរសជន និងស្ថាប័នពាក់ព័ន្ធនានាដើម្បីរៀបចំធនធានសម្រាប់ឆ្លើយតបបន្ទាន់ ផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានពាក់ព័ន្ធនៅថ្នាក់ខេត្តឲ្យបានទូលំ ទូលាយដល់មន្ទីរ អង្គភាព កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ សំដៅលើកកម្ពស់ការយល់ដឹង និងការចូលរួមឲ្យកាន់តែប្រសើរ បន្តពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ មន្ទីរ-អង្គភាព និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងអង្គការដៃគូនានា សំដៅធ្វើយ៉ាងណាឆ្លើយតប និងអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយ តម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង ស្រុក និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបាន ភ្លាមៗ។ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រីជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះ មហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជា ពិសេសសម្តេចតែងតែចាត់ ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអ់ស ត្រូវចុះត្រួត ពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។
នាឱកាសនោះទេសរដ្ឋមន្រ្តី គន់ គីម ផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ខេត្តមន្ទីពាក់ព័ន្ទនានាបន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់បន្ថយ បានហានិភ័យ។
ចំពោះ សមាគមអតីតយុទ្ធជនខេត្ត ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យមន្ទីរ អង្គភាព ចងសម្ព័ន្ធមេត្រីជាមួយគ្រួសារអតីតយុទ្ធជនចំនួន១០៥ខ្នងផ្ទះនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដើម្បីរៀបចំឈូសឆាយដី បង្កបង្កើតផល ជួយគាត់លើការដាំដុះ ដំណាំផ្សេងៗ។ ជាមួយគ្នានេះលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។
អគ្គលេខាធិការសមាគមអតីតយុទ្ធជនបន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដី សម្បទានសង្គមកិច្ចជូនបងប្អូនសមាគមអតីតយុទ្ធជន៕