អ្នកចាំទី Bernd Leno របស់ក្លិប Fulham បានសង្គ្រោះបាល់ប៉េណាល់ទីចំនួន២គ្រាប់ ខណៈដែលពួកគេបានផ្តួលក្រុមម្ចាស់ការពារតំណែងជើងឯក FA Cup បិសាចក្រហម Manchester United ក្នុងលទ្ធផលកាត់សេចក្តី ៤-៣ ក្នុងការស៊ុតបាល់បញ្ចូលទីដើម្បីរក្សាតំណែងរបស់ពួកគេក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ បន្ទាប់ពីការប្រកួតជុំទី៥កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Old Trafford បានបញ្ចប់ក្នុងលទ្ធផល ១-១ បន្ទាប់ពីម៉ោងបន្ថែម។
ការប្រកួតបានឈានដល់ការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីកីឡាករ Bruno Fernandes របស់ Man Utd រកបានមួយគ្រាប់តាមស្មើក្នុងតង់ទីពីរ ក្រោយពីកីឡាករ Calvin Bassey បានរកគ្រាប់បាល់បើកឆាកឱ្យក្រុម Fulham នៅចុងតង់ទីមួយ។
បន្ទាប់ពីការស៊ុតបញ្ចូលទីបន្ថែមម៉ោង Leno បានសង្គ្រោះបាល់ប៉េណាល់ទីរបស់ Victor Lindelof និងគ្រាប់បាល់ប៉េណាល់ទី Joshua Zirkzee របស់ United ដើម្បីរក្សាក្តីសង្ឃឹមរបស់ពួកគេ ដែល២គ្រាប់នេះបានធ្វើឲ្យ Man United ៤គ្រាន់ចូលតែ៣ប៉ុណ្ណោះ ខណៈ Fulham ស៊ុតប៉េណាល់ទី៤គ្រាប់ចូលទាំង៤។
Raul Jimenez, Sander Berge, Willian និង Antonee Robinson ជាអ្នកស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីសម្រាប់ក្រុម Fulham ដែលក្រុមនេះនឹងប៉ះជាមួយ Crystal Palace ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ។
Fulham បាននាំមុខមុន ដោយកីឡាករ Bassey រកបាននៅនាទីទី៤៥+១ ដែលជាការបង្ហាញខ្លួនលើកដំបូងក្នុង FA Cup របស់ខ្លួននៅពេលនេះ។ ប្រធានក្រុម Fernandes បានតាមស្មើនៅនាទីទី៧១ ពីការបញ្ជូនរបស់ខ្សែការពារ Diogo Dalot។
ក្រោយជួយ Fulham ឡើងវគ្គ៨ក្រុម អ្នកចាំទី Leno បាននិយាយថា “មិនគួរឱ្យជឿ! ខ្ញុំគិតថាយើងសមនឹងឈ្នះបន្ទាប់ពី៩០នាទី។ ពិតណាស់ ការស៊ុតបាល់ប៉េណាល់ទី ជួនកាលវាជាឆ្នោតមួយ ហើយសំណាងដែលយើងឈ្នះ។ គ្រូបង្វឹកអ្នកចាំទីបានប្រាប់ខ្ញុំព័ត៌មាន ប៉ុន្តែអារម្មណ៍របស់ខ្ញុំគឺសំខាន់ជាង។ ខ្ញុំបានដើរខុសផ្លូវចំនួនបីដង ប៉ុន្តែផ្តល់កិត្តិយសដល់អ្នកពិន័យរបស់យើង វាមិនងាយស្រួលនោះទេ។ ការងារដ៏អស្ចារ្យពីពួកយើងទាំងអស់គ្នា”។
ក្រុមរបស់លោក Ruben Amorim បានជួបការលំបាកយ៉ាងខ្លាំងនៅរដូវកាលនេះ ដោយបានធ្លាក់មកចំណាត់ថ្នាក់ទី១៤ក្នុងក្របខ័ណ្ឌ Premier League ដោយស្ថិតនៅខាងក្រោមក្រុម Fulham ចំនួន៥ពិន្ទុ។
ចំណែកលោក Marco Silva គ្រូបង្វឹកក្រុម Fulham បានអះអាងថា ក្រុមរបស់គាត់សមនឹងទទួលបានជ័យជម្នះក្នុងម៉ោងបន្ថែម។ Fulham បានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup តែមួយគត់របស់ពួកគេក្នុងឆ្នាំ១៩៧៥ នៅពេលដែលពួកគេត្រូវបានផ្តួល ២-០ ដោយក្រុម West Ham United ៕ (រូបភាព ៖ BBC/CNA)