ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនមេត្តាជ្រាបថា យោងតាមប្រភពព័ត៌មាន NHK ជប៉ុន បានឱ្យដឹងថា ភ្លើងឆេះព្រៃ នៅតំបន់ជាប់មាត់សមុទ្រនៃក្រុង Ofunato ខេត្ត Iwate កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បាននិងកំពុងបន្តរាលដាលរហូតដល់ថ្ងៃនេះ។
បើតាមការអះអាងរបស់មន្រ្តីមានសមត្ថកិច្ច បានឱ្យដឹងថា គិតមកដល់ពេលនេះ មានផ្ទៃដីប្រមាណ ២.១០០ហិចតា ត្រូវបានបំផ្លិតបំផ្លាញដោយអគ្គីភ័យ ដែលក្នុងនោះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សម្នាក់ និង អគារចំនួន ៨០ខ្នង។ ជាងនេះទៀត ប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ១.២០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកសុវត្ថិភាព ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ក្នុងករណីបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់ តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤ ។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិ និងចៀសផុតពីជំងឺឆ្លងនានា ។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បញ្ជាក់ថា ៖ រូបភាព និងប្រភពព័ត៌មាន (NHK) ៕
ដោយ ៖ សិលា