សីតុណ្ហភាពខ្ពស់បានបង្ខំសាលារៀនជិតពាក់កណ្តាលនៃរដ្ឋធានីហ្វីលីពីនត្រូវបិទនៅថ្ងៃទី 3 ខែមីនា ដែលជាសញ្ញានៃការចាប់ផ្តើមនៃរលកកម្ដៅដ៏ឃោរឃៅ។
សន្ទស្សន៍កំដៅរវាងសីតុណ្ហភាពខ្យល់ និងសំណើមដែលទាក់ទងនឹងឈានដល់កម្រិត “គ្រោះថ្នាក់” នៅក្នុងរដ្ឋធានីម៉ានីល និងតំបន់ពីរផ្សេងទៀតនៃប្រទេស នេះបើយោងតាមសេវាអាកាសធាតុជាតិហ្វីលីពីន។
ទីភ្នាក់ងារនេះបានព្រមានអំពីលទ្ធភាពនៃការក្តៅក្រហាយ និងហត់នឿយក្នុងកំដៅ ហើយបានជំរុញប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ ជៀសវាងការចេញក្រៅផ្ទះប៉ះពាល់នឹងព្រះអាទិត្យយូរ បើមិនមានការចាំបាច់។
សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់ 33 អង្សាសេនៅថ្ងៃទី 3 ខែមីនា ប៉ុន្តែអាជ្ញាធរក្នុងតំបន់ក្នុងរដ្ឋធានីម៉ានីល និងតំបន់ចំនួន 6 ផ្សេងទៀតបានបញ្ជាឱ្យបិទថ្នាក់រៀនជាការប្រុងប្រយ័ត្ន ក៏ដូចជាការអនុវត្តបទពិសោធន៍ពីរលកកំដៅកាលពីឆ្នាំមុនផងដែរ។
មន្ត្រីនាយកដ្ឋានអប់រំ Edgar Bonifacio បាននិយាយថា ការបិទសាលាអាចប៉ះពាល់ដល់សិស្សជាង 68,000 នាក់នៅក្នុងសាលាចំនួន 42 ក្នុងស្រុក Malabon ។ ទន្ទឹមនឹងនេះដែរ សាលារៀនប្រហែល 69 នៅក្នុងស្រុក Valenzuela បានប្តូរទៅទម្រង់នៃការរៀន ជំនួសឱ្យការរៀនផ្ទាល់ មករៀនតាមអ៊ីនធឺណិត។
នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះជួបប្រទះនឹងរលកកម្ដៅមិនធម្មតាបែបនេះ។
រលកកំដៅក្នុងខែមេសា និងឧសភា ឆ្នាំ 2024 បានប៉ះពាល់ដល់តំបន់ជាច្រើននៃប្រទេសហ្វីលីពីន ដោយបង្ខំឱ្យថ្នាក់រៀនត្រូវផ្អាក និងសិស្សជាច្រើននាក់ខកខានសាលារៀន។ នៅកម្រិតកំពូល សីតុណ្ហភាពក្នុងរដ្ឋធានីម៉ានីលបានឡើងដល់កម្រិតខ្ពស់បំផុតគឺ ៣៨,៨ អង្សាសេនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤។
សីតុណ្ហភាពជាមធ្យមពិភពលោកបានកើនឡើងខ្ពស់បំផុតនៅឆ្នាំ 2024។ ក្នុងខែមករាឆ្នាំនេះ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានប៉ាន់ប្រមាណថាអាកាសធាតុធ្ងន់ធ្ងរបានរំខានដល់ការអប់រំរបស់កុមារប្រហែល 242 លាននាក់នៅក្នុងប្រទេសចំនួន 85 នៅទូទាំងពិភពលោកក្នុងឆ្នាំ 2024 រួមទាំងប្រទេសហ្វីលីពីនផងដែរ៕
រូបថត: AFP