ភ្នំពេញ÷នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥នេះ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ រួមនិងថ្នាក់ដឹកនាំក្រសួង, និងតំណាងសមាគមនិយោជក បានអញ្ជើញពិនិត្យមើលទារកដ្ឋាន រោងចក្រ ម៉ាវ៉ល ហ្គាមិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (Royal Group Phnom Penh SEZ) ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ។
ហេដ្ឋារចនាសម្ព័ន្ធនៃអគារទារកដ្ឋាន រោងចក្រ ម៉ាវ៉ល ហ្គាមិន មានដូចជា បន្ទប់បំបៅកូន, បន្ទប់គេងទារក, បន្ទប់គេងកុមារតេះតះ, បន្ទប់សកម្មភាព និងសិក្សា, បន្ទប់មុជទឹក, បន្ទប់ទឹក, ឡាវ៉ាបូកុមារ, ឡាវ៉ាបូមនុស្សធំ, បង្គន់កុមារ, បង្គន់មនុស្សធំ, បន្ទប់បោកគក់, បន្ទប់កម្តៅអាហារ, ទ្វាអាសន្ន, កន្លែងផ្តល់ព័ត៌មាន និងការិយាល័យ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ក៏បានចូលពិនិត្យមើលបន្ទប់ស្នាក់នៅរបស់កម្មករនិយោជិត ដែលជាអាណាព្យាបាលរបស់ទារក និងកុមារ ដែលស្ថិតនៅក្បែរនឹងទារកដ្ឋាន ផងដែរ។
គោលបំណងនការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដារដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឳពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល៕