ក្រសួងការបរទេសកម្ពុជាលើកប្រធានបទ៤ ក្នុងសន្និបាតបូកសរុប

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ រយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី៣-៥ ខែមីនា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ មានប្រសាសន៏ថា សមិទ្ធផលធំៗជាច្រើនក្នុងវិស័យការទូត ដែលសម្រេចបានមកទល់ពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីការចង្អុលបង្ហាញ និងពីការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ។

ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រដែលមិន អាចកាត់ថ្លៃបានរបស់សម្តេចទាំងទ្វេ ដែលជាមេដឹកនាំកំពូលរបស់កម្ពុជាយើង និងរបស់ថ្នាក់ដឹកនាំ មន្ត្រីទាំងឡាយ នៃក្រសួង-ស្ថាប័ន ជាដៃគូទាំងអស់ ។ 

ដោយឡែកនៅពេលរសៀលថ្ងៃទី៣ និងថ្ងៃទី៤ ខែមីនា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលកម្ពុជានៅបរទេសទាំងអស់ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន៖ 

ទី១- ការប្រកួតប្រជែងខាងយុទ្ធសាស្ត្រភូមិ សាស្ត្រនយោបាយនៃប្រទេសមហា អំ ណាច និងអំណាចកណ្តាល និងនិន្នាការធំៗនៃពិភពលោក។ 

ទី២- បញ្ហាប្រឈម និងកាលានុវត្តភាព នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ចំពោះ តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ាន និង ជាពិសេសកម្ពុជា។

ទី៣-បញ្ហាប្រឈម ចំពោះ ការធានាប្រសិទ្ធភាពក្នុងការបំពេញការទូតរបស់កម្ពុជា និងកំណែទម្រង់ចាំ បាច់ ។

ទី៤-ការពិនិត្យកែសម្រួលការងារធំៗទាំង ៥ ដែលយើងបានប្រើប្រាស់ជាត្រីវិស័យ សម្រាប់អនុវត្តអស់ពេលច្រើនឆ្នាំមកហើយ។

លទ្ធផលសំខាន់ៗនៃកិច្ច ពិភាក្សាទាំងនេះ ត្រូវបូកសរុបគោរពរាយការណ៍ ជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបិទសន្និបាត នៅព្រឹកថ្ងៃទី៥ ខែមីនា ដើម្បីទទួលបានមកវិញ នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់កំណត់ទិសដៅការងារការទូតសម្រាប់ឆ្នាំ ២០២៥ និងបណ្តាឆ្នាំទៅមុខទៀត។

លោក ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏បន្តថា  កម្ពុជា មានភ័ព្វសំណាងធំណាស់ ដែលបុព្វបុរស របស់យើងបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ប្រវត្តិ សាស្ត្រ និងអរិយធម៌ដ៏រុងរឿងតាំងពីសម័យអង្គរមក ដល់សព្វថ្ងៃនេះ។ ក្នុងស្មារតីនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះក្រុមការងារការទូតសេដ្ឋកិច្ច ដែលបានខិតខំស្រាវជ្រាវ ចងក្រង នូវសៀវភៅ ស្តីពីម្ហូបខ្មែរ ដែលបានទទួលរង្វាន់ ៤ ដង ក្នុងការ ប្រកួតប្រជែងសៀវភៅម្ហូបអាស៊ីនៅលើពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ ប្រកាសចេញផ្សាយជាផ្លូវការ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ ២ (The Taste of Angkor II)»។ សៀវភៅនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព និងមានបន្ថែមមុខម្ហូបកាន់តែច្រើន បន្ទាប់ពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ១» របស់យើង បានបង្ហាញពីលក្ខណៈពិសេសដោយឡែក អំពីវប្បធម៌ដ៏រុងរឿងនៃមុខម្ហូបខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយស្ថិតក្នុងចំណោមវប្បធម៌ មុខម្ហូប ដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក៕

ប្រភព ៖  «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print