ចៅក្រមស៊ើបសួរខេត្តបាត់ដំបង​ សម្រេចឃុំខ្លួនក្រុមក្មេងទំនើងចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា​៖​ សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ៣០៨ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណី ហិង្សា (ដេញធាក់គ្នា) បង្កដោយជនត្រូវចោទ ចំនួន ៥នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៣នាក់ រួមមាន ១.ឈ្មោះ រ៉ាំ សាវី ភេទប្រុស អាយុ២១ឆ្នាំ ២.ឈ្មោះ បឿត បាន ភេទប្រុស អាយុ២១ឆ្នាំ និង៣.ឈ្មោះ ជា វាសនា ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែកជនត្រូវចោទដែលរត់ គេចខ្លួន ឈ្មោះ លាង ហុងលិ ភេទប្រុស អាយុ១៦ឆ្នាំ និង បក្ខពួក។

ជនត្រូវចោទទាំង ៥នាក់ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

នៅថ្ងៃកើតហេតុវេលាម៉ោង ០១ និង ០០នាទី រំលងអធ្រាត្រ ក្រុមជនត្រូវចោទមានគ្នាចំនួន ៤នាក់ បានធ្វើ សកម្មភាពជិះម៉ូតូដេញធាក់គ្នាទៅវិញទៅមកជាមួយក្រុមម្ខាងទៀតដែលមានបក្ខពួកប្រហែល ១០នាក់ តែមិនស្គាល់ អត្តសញ្ញាណ បណ្តាលឱ្យដួលម៉ូតូតែមិនដឹងរងរបួសត្រង់ណាខ្លះនោះទេ។ បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវ និង ឃាត់ខ្លួនបានជនត្រូវចោទចំនួន ៣នាក់។

ក្រោយពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងនានា និងពិចារណាអំពីមូលហេតុនៃការឃុំខ្លួនរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៣នាក់ ខាងលើ ជាបណ្តោះអាសន្ន។ ចំណែកជនត្រូវចោទ ផ្សេងទៀត ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការស៊ើបសួរតាមនីតិវិធី។

...

គួររំឭកផងដែរថា ចំពោះសកម្មភាពប្រព្រឹត្តរបស់ក្រុមក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ តុលាការនឹងអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print