លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យលោកអនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ Vital Strategies សហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ជាពិសេសប្រព័ន្ធសុខាភិបាលឌីជីថល

ចែករំលែក៖

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Romain Santon អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន របស់អង្គការ Vital Strategies និងក្រុមការងារ ដើម្បីពិភាក្សាការងារ និងសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ជំហានបន្ទាប់។

លោក Romain Santon បានជម្រាបជូន លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី អំពីការងាររបស់ Vital Strategies ដែលបានអនុវត្តនៅកម្ពុជាចាប់ពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ អង្គការ Vital Strategies តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (D4H) របស់ Bloomberg Philanthropies បានគាំទ្រកែលម្អការប្រមូលការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន គម្រោងផលជះនៃការប្រើប្រាស់ទិន្នន័យ និងគម្រោងចុះ បញ្ជីជំងឺមហារីក គម្រោងគ្រប់គ្រងថ្នាំជក់ ជាដើម។ លោក Romain Santon បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រយ៉ាងជិតស្និទដល់ក្រុមការងារ Vital Strategies នាពេលកន្លងមកធ្វើឱ្យគម្រោងទទួលបានប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ព្រមទាំងស្នើសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការនិងការអនុវត្តគម្រោង និងផែនការសកម្មភាពសម្រាប់ជំហានទី៦ ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៧ សម្រាប់គម្រោងទីក្រុងដែលមានសុខមាលភាពល្អ។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្តៅលោក Romain Santon និងប្រតិភូអង្គការ Vital Strategies ដែលមានសុច្ឆន្ទៈ ក្នុងការចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល ជាពិសេសបាន និងកំពុងគាំទ្រ ការរៀបចំច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានដាក់ប្រើប្រាស់នៅឆ្នាំ២០២៣ ព្រមទាំងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រ ការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងចុះបញ្ជីជំងឺមហារីក (Cancer Registry Program) និងស្នើសុំការណែនាំ ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ជាបន្តទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពិនិត្យលើប្រវត្តិការងាររបស់អង្គការ និងបទពិសោធន៍ការងារអង្គការ Vital Strategies ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរ អង្គការ Vital Strategies ពិនិត្យលទ្ធភាពជួយសហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការចុះបញ្ជីជំងឺមហារីក ការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលលើជំនាញវិភាគ ការប្រើប្រាស់ទិន្នន័យ និងការសេររបាយការណ៍នានា ការបណ្តុះបណ្តាលភាពជាដឹកនាំ ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល លើការជូនដំណឹងពីកំណើតរស់ ដំណឹងមរណភាព ការកំណត់មូលហេតុមរណភាព ការដាក់កូដមរណភាព និងការតភ្ជាប់ប្រព័ន្ឋសុខាភិបាលឌីជីថល នៃក្រសួងសុខាភិបាល ជាមួយប្រព័ន្ធក្រសួងមហាផ្ទៃ ក្រសួងផែនការ សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាព ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈសម្រាប់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា សំដៅឆ្ពោះទៅសម្រេចបានគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print