នាយករដ្ឋមន្ត្រី៖ ការស្រាវជ្រាវ ប្រមូលទិន្នន័យ ការវិភាគច្បាស់លាស់ និងការបង្កើនសមត្ថភាពស្ថាប័ន គឺជាកិច្ចការដ៏សំខាន់ សម្រាប់ការរៀបចំគោលនយោបាយត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥ ។

សម្ដេចបវរធិបតី បានបញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មាន ដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។

ជាមួយគ្នានេះ, សម្ដេចនាយករដ្ឋមន្ត្រី បានបំផុសគំនិត ឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។

សម្ដេចបរវធិបតី បានសូមឱ្យមានការពិភាក្សា ឱ្យបានផុលផុសលើ ៖ (១). ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើនថ្មី (២). ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (៣). យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម និងធុរកិច្ចបង្កើតថ្មី និង (៤). ការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ ជូន វិទ្យាស្ថាន បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ រួមមាន៖

ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និង សិក្សាស្រាវជ្រាវ ។

ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា, ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អ ។

ទី៣).បន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និង ស្ទង់មតិ ព្រោះថាសុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬ អាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print