ភ្នំពេញ ៖ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញពីការយល់ឃើញថា កម្ពុជា ក៏ដូចជា បណ្តាប្រទេសនានាបានតាមដានយ៉ាងយកចិត្តទុកដាក់ ពីដំណើរការប្រព្រឹត្តទៅ នៃមហាសន្និបាតសភាទាំង២ របស់ប្រទេសចិន ព្រោះថា មហាសន្និបាត ជាទូទៅ អធិប្បាយដោយគ្រប់ជ្រុងជ្រោយ នូវលក្ខណៈពិសេស និងឧត្តមភាពនៃប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល និងបានចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសង្គមនិយមចិន ក្នុងយុគសម័យថ្មី។
ឆ្លើយតបនឹងសំណួរថា តើ មានសារៈសំខាន់បែបណា សម្រាប់ចិន និងពិភពលោក? លោកបណ្ឌិតបានប្រាប់ នៅថ្ងៃទី៤ ខែមីនា នេះ ថា «មហាសន្និបាតសភាទាំងពីរនៃប្រទសចិន គឺជាទម្រង់នៃ «ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល»។ ទម្រង់នៃប្រជាធិបតេយ្យ ដែលមានលក្ខណៈពិសេសនិងរំលេចពីប្រភពដើមនៃប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៃសង្គមនិយម។ តាមរយៈបទពិសោធន៍ដ៏មហិមា របស់ប្រទេសចិន ប្រទេសដែលពោរពេញដោយភក្តីភាពចំពោះកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ នោះពិភពលោកបាននិងកំពុងយល់យ៉ាងច្បាស់ថា ទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិនដែលប្រសូតចេញពីមហាសន្និបាតសភាទាំងពីរនៃប្រទសចិន គឺជាប្រជាធិបតេយ្យដ៏ទូលំទូលាយបំផុត ពិតប្រាកដបំផុត និងមានប្រសិទ្ធភាពបំផុត ដែលនេះ ជាការបើកបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យពិភពលោកសង្កេតមើលយ៉ាងច្បាស់ លើគុណភាព នៃប្រជាធិបតេយ្យ របស់ប្រទេសចិន»។
លោកបណ្ឌិត ជា មុនីឫទ្ធិ ជឿជាក់ថា មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ជាការបន្តដំណើរអភិវឌ្ឍរបស់ប្រទេសចិន តាមមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន និងជំរុញល្បឿននៃបណ្តាប្រទេសនានារួមគ្នាជាមួយចិនជ្រោងទង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិដោយឈរលើទម្រដ៏រឹងមាំនៃសន្តិភាពនិងវិបុលភាពរបស់មនុស្សជាតិ។
«ក្នុងនាមអ្នកសិក្សាស្រាវជ្រាវ និងក្នុងនាមសង្គមស៊ីវិលមួយ នៅកម្ពុជា ខ្ញុំរំពឹងថា ប្រទេសចិននឹងបង្កើនបុរេសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយ យើងជឿជាក់ថា សង្គមស៊ីវិលរបស់ប្រទេសចិននឹងបន្តការដើរតួនាទី កាន់តែសំខាន់ ក្នុងការជំរុញនូវការផ្លាស់ប្តូររវាងប្រជាជន ជំរុញទេសចរណ៍ និង ចូលរួមបង្កើនទំនុកចិត្ត ដល់វិនិយោគិនចិន មកកម្ពុជា»។
គូរបញ្ជាក់ថា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ ត្រូវបានប្រកាសបើក នៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃទី៥ ខែមីនា នេះ។ រីឯ មហាសន្និបាតលើកទី ៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំង ប្រទេសចិន នីតិកាលទី ១៤ ត្រូវបានបានបើកធ្វើ នៅវិមានសភាប្រជាជនក្រុងប៉េកាំង កាលពីរសៀលថ្ងៃទី ៤ ខែមីនា៕
ដោយ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ