ទស្សនៈផ្ទាល់ខ្លួន៖ យើងមិនអាចឱ្យពាក្យ «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ» ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងScam Online បានឡើយ!

ចែករំលែក៖

ភ្នំពេញ ៖ យើងមិនអាចឱ្យពាក្យ «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ» ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងScam Online បានឡើយ!

១-កំពុងដើរកាត់ភ្លៀងទាំងអស់គ្នា ហេតុអ្វីមកទទឹកតែកម្ពុជា? បញ្ហាឧក្រិដ្ឋកម្មតាមអុីនធើណែត និងអំពើជួញដូរមនុស្ស បានវិវត្តន៍មកក្លាយជាបញ្ហារួមពាសពេញសាកលោក។ ពីដំបូងឡើង បញ្ហានេះប្រឈមខ្លាំងតែនៅតាមបណ្ដាប្រទេសជឿនលឿន គឺប្រទេសដើរមុនគេទាំងខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉ុណ្ណោះ។ សម្រាប់កម្ពុជា ចរន្តសាកលភាវូបនីយកម្ម និងទើបតែក្នុងពេលសេដ្ឋកិច្ច និងបច្ចេកវិទ្យាផ្ដើមលេចធ្លោប៉ុន្មានឆ្នាំនេះទេ ដែលមានការជ្រៀតចូលនូវជនប្រព្រឹត្តអំពើជួញដូរមនុស្សតាមទម្រង់ថ្មី រួមទាំងការឆបោកតាមអនឡាញ ហើយប្រទេសក្នុងតំបន់ក៏ទទួលរងឥទ្ធិពលអាក្រក់នេះដូចគ្នាដែរ។

២-តើកម្ពុជានៅស្ងៀម ហើយយកឧក្រិដ្ឋកម្មធ្វើជាឈ្នាន់អភិវឌ្ឍន៍ជាតិ? ចម្លើយគឺពុំដូច្នេះឡើយ! ទាំងរាជរដ្ឋាភិបាលនីតិកាលកន្លងមក ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បើនិយាយពីក្របខណ្ឌប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺការងារនេះត្រូវបានយកចិត្តទុកដាក់អនុវត្តតាំងពីប្រទេសក្នុងតំបន់ប្រឈមមុខដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ត្រឹមតែជាការជួញដូរមនុស្សទៅធ្វើពលករនេសាទ កសិកម្ម និងការងារផ្ទះខុសច្បាប់មកម្លេះ។ បើនិយាយពី Scam Online គ្រានោះមិនដឹងបែរមុខទៅណាទេ។

ដោយឡែក ការដោះស្រាយបញ្ហាប្រឈមចុងក្រោយនៃអំពើជួញដូរមនុស្សតាមទម្រង់ថ្មីនេះ គឺរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការ បានសម្រួចបន្ថែមទៀតនូវយន្តការ និងវិធីសាស្រ្តដោះស្រាយ ដោយបង្កើតជាគណៈកម្មការ និងក្រុមការងារចំពោះកិច្ច ហើយជំរុញ តាមដាន កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត។

៣-តើកម្ពុជា ខិតខំដោះស្រាយបញ្ហានេះ ដើម្បីតែមាតុប្រទេសខ្លួនឯង ឬមនុស្សជាតិ? សម្រាប់កម្ពុជា បញ្ហានេះ គឺជាភារកិច្ចដើម្បីផលប្រយោជន៍រួមរបស់មនុស្សជាតិ។ ជាក់ស្ដែង ឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងពីប្រទេសជឿនលឿនខាងបច្ចេកវិទ្យា បានព្យាយាមសំងំបើកទីតាំងឈរជើងដោយលួចលាក់នៅកម្ពុជា ដើម្បីធ្វើសកម្មភាពអូសទាញជនជាតិខ្លួន ឬជនជាតិដទៃ ឱ្យមកធ្វើការ ដើម្បីគោលដៅបោកបញ្ឆោទជនជាតិខ្លួន ឬជនជាជាតិសាសន៍ដទៃ។

តិចណាស់ដែលមានជនជាតិខ្មែរទៅពាក់ព័ន្ធការងារទាំងនោះ។ ដូច្នោះហើយបានជាកិច្ចប្រតិបត្តិការបង្ក្រាបជាច្រើនលើកកន្លងមក អាជ្ញាធរកម្ពុជា បានចាប់បញ្ជូនពួកឧក្រិដ្ឋជនដែលជាជនបរទេស និងជនរងគ្រោះដែលគេបោកបញ្ឆោទឱ្យមកធ្វើការ ហើយដែលជារឿយៗបានទទួលការគាបសង្កត់ និងអំពើហិង្សា នោះ ឱ្យទៅប្រទេសសាមីដើម្បីបន្តវិធានការច្បាប់ និងទទួលយកទៅវិញ រួមទាំងជនជាតិនៃប្រទេសក្បែរខាងផង ជាច្រើននាក់។

ករណីនេះ បើខ្មែរគ្មានឆន្ទះទេនោះ ម្លេះមិនដឹងជាមានជនបរទេសប៉ុន្មាននាក់ទេដែលត្រូវរងគ្រោះ! យើងបានជួយជនទាំងនោះឱ្យបានត្រឡប់ទៅប្រទេសកំណើតវិញ ទាំងដែលធាតុពិត ពួកគេបានចូលមកកម្ពុជាដោយបន្លំព័ត៌មាន ដោយខ្លះថាជាទេសចរណ៍ ឬជាអ្នកមកធ្វើការងារស្របច្បាប់ តែទីបំផុតឃុបឃិតជាមួយជនជាតិខ្លួន ឬជនជាតិផ្សេង យកទឹកដីកម្ពុជាប្រព្រឹត្តបទល្មើស រហូតផុងខ្លួនឯងក្លាយជាជនរងគ្រោះដង្ហោយឱ្យយើងជួយ។

សរុបមក កម្ពុជាទទួលស្គាល់ថា ដូចបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកដែរ គឺយើងកំពុងប្រឈមដូចគ្នានឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធើណេត។ កម្ពុជា ដោយមានប្រជាជនជាសាក្សីជាង១០លាន់នាក់ គឺច្បាស់ណាស់មិនឱ្យបញ្ហានេះក្លាយជាជំងឺរាំរៃបំផ្លាញផលប្រយោជន៍ជាតិសាសន៍ខ្លួនឡើយ ហើយក៏ដូចគ្នា មិនចង់ឃើញមនុស្សជាតិទូទាំងពិភពលោក រងគ្រោះដោយអំពើនេះដែរ។ យ៉ាងណាក៏ដោយ កម្ពុជា មិនអាច ឱ្យពាក្យ «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ» ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបានឡើយ។ យើងប្រឆាំងដាច់ខាតរាល់របៀបវារៈ ឬការផ្សព្វផ្សាយទាំងឡាយណាដែលចោទប្រកាន់មកលើយើងខុសពីការពិត ទាំងដែលយើងកំពុងខិតខំរួមចំណែកដោះស្រាយបញ្ហារួម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print