បង្ហោះ​រូបភាព​ក្មេងស្រីអាក្រាតកាយតាម Facebook គំរាម​ទារ​ប្រាក់នគរបាលទើបចាប់ខ្លួនបាន ​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ឈ្មោះ សាន សុងហៀង ហៅ ហៀង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ពីបទបង្ហោះរូបភាពអាអាភាសរបស់ក្មេងស្រី តាមបណ្តាញសង្គម Facebook និងគំរាមទារប្រាក់ ស្ថិតនៅហាង Internet មួយកន្លែងនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមមន្ត្រីនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជនសង្ស័យរូបនេះជាមនុស្សចូលចិត្តចំណាយពេលប្រើប្រាស់បណ្តាញសង្គម Facebook ហើយគេបានបង្កើតគណនីចំនួន១១គណនី ក្នុងនោះបង្កើតផ្ទាល់ខ្លួនចំនួន៥ និងគណនី៦ទៀត គឺលួចយកលេខសម្ងាត់អ្នកដទៃ មកធ្វើកម្មសិទ្ធិរបស់ខ្លួនហើយការប្រើប្រាស់ Facebook នេះ ជនសង្ស័យពុំបានដាក់រូបផ្ទាល់ខ្លួនទេ គឺបានប្រើប្រាស់រូបថតអ្នកដទៃ មកក្លែងបន្លំជារបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍មិត្តភក្តិលើ Facebook ពិសេសក្មេងស្រីៗ។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅពាក់កណ្តាលឆ្នាំ២០១២ ជនសង្ស័យបានស្គាល់កុមារីរងគ្រោះ ឈ្មោះ ឆ ម អាយុ១៤ឆ្នាំ លើ Facebook ហើយបានស្រឡាញ់គ្នា ក្រោយពីស្គាល់គ្នាបានមួយរយៈពេល។ បន្ទាប់ពីស្គាល់គ្នាប្រមាណកន្លះឆ្នាំ គឺកំឡុងឆ្នាំ២០១៣ ជនសង្ស័យបានលួងលោម កុមារីរងគ្រោះឲ្យផ្ញើរូបភាព និងវីដេអូអាក្រាត មកឲ្យខ្លួនមើលពេលនោះ កុមារីរងគ្រោះក៏ព្រមផ្ញើរូបភាព និងវីដេអូមួយចំនួនឲ្យជនសង្ស័យ។ ក្រោយមកឆ្នាំ២០១៤ ជនសង្ស័យដឹងថា កុមារីរងគ្រោះលួចមានសង្សារថ្មី ដូច្នេះធ្វើឲ្យគេខឹងសម្បាខ្លាំងក៏បានបង្ហោះរូបភាពអាក្រាត របស់កុមារីរងគ្រោះលើបណ្តាញ Facebook ជាថ្នូរនឹងការលុបរូបភាពអាក្រាត ដោយគេតម្រូវឲ្យកុមារីផ្ទេរប្រាក់ឲ្យខ្លួនតាម wing ឬ True Money។

សមត្ថកិច្ចបន្តថា ក្រោយមកទៀតជនសង្ស័យបានបន្តបង្ហោះរូបភាពអាក្រាតក្មេងស្រី ប្រមាណ៣-៤ដង លុះត្រាក្មេងស្រីវេរប្រាក់ឲ្យគេ។ នៅអំឡុងខែមិថុនា ឆ្នាំ២០១៥ រហូតដល់ថ្ងៃឃាត់ខ្លួន ជនសង្ស័យបានទទួលប្រាក់ចំនួនប្រហែល១៥ដង ដោយម្តងៗពី១០ទៅ២០ដុល្លារ។

លុះដល់ថ្ងៃចុងក្រោយ គឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យមកទទួលប្រាក់ ពីកុមារីរងគ្រោះជាបន្តបន្ទាប់ទើបសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនគេពិតជាបានប្រព្រឹត្តអំពើពុំគាប្បីដូចការចោទប្រកាន់នេះមែន។

បច្ចុប្បន្ននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់  ៕

បង្ហោះអាសអាភាស

ដោយ៖ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print