ខេត្តកណ្តាល៖ ឆ្លៀតពេលសម្រាកពីការងាររបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី២០ ខែសីហា ឆ្នាំ២០១៦នេះ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ បានដឹកនាំ ក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៤០០គ្រួសារ ដើម្បីបង្កើនភាពជិតស្និទ្ធនិងបាននាំយកអំណោយជាអង្ករជិត៥តោនរបស់គណបក្សប្រជាជនទៅចែកជូនផងដែរ ។
ក្នុងសកម្មភាពមនុស្សរបស់ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំដីឥដ្ឋបានធ្វើឡើងជាច្រើនភូមិមកហើយ សម្រាប់ថ្ងៃនេះក្រុមការងារបានជួបសំណេះសំណាលជាមួយអ្នកភូមិស្តៅកន្លែងទី៥ ឃុំដីឥដ្ឋមានប្រជាពលរដ្ឋចូលរួមចំនួនជាង៤០០នាក់ ក្នុងនោះគ្រួសារនីមួយៗទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា ដោយពិនិត្យឃើញថាគ្រួសារខ្លះមានជីវភាពក្រីក្រលំបាក ទទួលបានអង្ករ២០ គីឡូ ក្រាម ។
ជួបជាមួយអ្នកភូមិស្តៅកន្លែងទី៥ជាង ៤០០គ្រួសារ លោកម៉ក ពេជ្ជរឹទ្ធ ប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋបានមតិសំណេះសំណាលនិងផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះស្រលាញ់រាប់អានគ្នាកុំប្រកាន់និន្នាការនយោបាយ ត្រូវខិតខំរកស៊ីទទួលទានដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារ តែសូមបងប្អូនត្រូវគិតថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលនៅជិតប្រជាជនបម្រើប្រជាជន យកចិត្តទុកដាក់ជាមួយប្រជាជន ជាពិសេសបានដឹកនាំប្រទេសជាតិតាំងបាតដៃទទេរហូតទទួលបានសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ។ ចំណែកគណបក្សផ្សេងបានត្រឹមតែថាសន្យាចោលៗ និយាយឲ្យខ្លីគឺបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយ ដូច្នេះចាប់ពីពេលនេះទៅ សូមបងប្អូនត្រូវធ្វើការពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សនយោបាយ គ្មានគណបក្សណាជួយបងប្អូនកូនក្មួយក្រៅពីគណបក្សប្រជាជននោះឡើយ ចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ ចំណែកក្រុមការងារគឺជាអ្នកបម្រើប្រជាពលរដ្ឋ ។
ក្នុងពិធីជួបសំណេះសំណាលនេះដែរ ប្រជាពលរដ្ឋបានលើកជាសំណូមពរ៣ចំនុចរួមមាន ស្នើសុំតបណ្តាញទឹកស្អាត ស្នើសុំដាក់បង្គោលភ្លើងចូលទៅក្នុងភូមិ និងស្នើសុំធ្វើផ្លូវលំ….ត្រូវបានលោកប្រធានក្រុមការងារទទួលយកសំណើរហើយសន្យាថា និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅពេលខាងមុខ ៕
ដោយ៖ សណ្តោស