រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​៖​ អស់រយៈពេល១០ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិនៅតែរក្សាប្រធានបទតែមួយគឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីផ្តល់អាទិភាពដល់យុវជនដែលជាសសរស្តម្ភរបស់ជាតិ និងជាអ្នកបន្តវេន

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​បណ្ឌិត្យសភាចារ្យ ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ នៅរសៀល​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា៖​ អស់រយៈពេល១០ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិនៅតែរក្សាប្រធានបទតែមួយគឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីផ្តល់អាទិភាពដល់យុវជនដែលជាសសរស្តម្ភរបស់ជាតិ និងជាអ្នកបន្តវេន ចូលរួមក្នុងការងារអភិរក្សលើកស្ទួយនិងអភិវឌ្ឍន៍សិល្បៈវប្បធម៌របស់យើងដែលក្នុងនោះក៏មានសិល្បៈវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធុ។

លោកស្រី​ ភឿង សកុណា​ បានឱ្យដឹងថា​ ឆ្នាំនេះជាលើកទី២៧ហើយនៃការប្រារព្ធទិវាវប្បធម៌ជាតិ ហើយក៏ជាលើកទី៦ផងដែរនៃការរៀបចំពិធីជួបជុំរវាងសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ត្រី បុគ្គលិក រួមទាំងអ្នកបម្រើក្នុងវិស័យសិល្បៈវប្បធម៌ជាមួយនាយករដ្ឋមន្ត្រី តាមរយៈគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាពដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជា។

លោកស្រី​ ភឿង សកុណា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមាន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតដែលទោះបីជាពេលវេលាមានការមមាញឹកយ៉ាងណាក្តីក៏នៅតែចូលរួមបន្តមាគ៌ា ដែលត្រួសត្រាយដោយវីរជនជំនាន់មុន អបអរសាទរទិវាវប្បធម៌ជាតិ ដែលបង្ហាញពីការយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ពីរាជរដ្ឋាភិបាលក៏ដូចពីសំណាក់សម្តេច និងលោកជំទាវផ្ទាល់ដល់យើងខ្ញុំទាំងអស់គ្នាដែលតំណាងឱ្យមហាគ្រួសារសិល្បៈវប្បធម៌ខ្មែរទូទាំងប្រទេស។

លោកស្រី​ ភឿង សកុណា​ បានឱ្យដឹងថា​ ដោយសារតែវិសាលភាពដ៏ធំធេងនៃវិស័យសិល្បៈវប្បធម៌ ក៏ដូចជាវិស័យពាក់ព័ន្ធនានាដែលងាយរងនូវហានិភ័យ ដែលបណ្តាលមកពីការកើនឡើងនៃសាកលភាវូបនីយកម្មសិល្បៈវប្បធម៌ក្នុងតំបន់ និងពិភពលោកព្រមទាំងពីស្ថានភាពដែលបច្ចេកវិទ្យាថ្មីៗបាន និងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសង្គមនិងសេដ្ឋកិច្ច ដូចនេះការងារពង្រឹង ថែរក្សា និង អភិវឌ្ឍសិល្បៈវប្បធម៌ ប្រាកដណាស់គឺគ្មានដែនកំណត់ ជាកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន។

លោកស្រី​ ភឿង សកុណា​ បានឱ្យដឹងថា​ ការប្រារព្ធពិធី ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ គឺដើម្បីរំឭកយើងថាសិល្បៈវប្បធម៌របស់យើងមានសារៈសំខាន់ចំពោះអត្តសញ្ញាណ និងមោទនភាពជាតិយើង។

លោកស្រី​ ភឿង សកុណា​ បានឱ្យដឹងថា​ នៅពេលដែលយើងទាំងអស់គ្នាកំពុងតែឆ្លងកាត់ក្នុងយុគ្គសម័យដែលមានការផ្លាស់ប្តូរ និងរីកចម្រើនយ៉ាងឆាប់រហ័សបច្ចេកវិទ្យាថ្មីៗពិតជាមានសារៈសំខាន់ណាស់ក្នុងការបន្តចូលរួម និងសម្របខ្លួន ដើម្បីរួមគ្នាច្នៃប្រតិដ្ឋបង្កើតថ្មី និងថែរក្សាវប្បធម៌របស់យើងឱ្យគង់វង្សនិងរស់រវើក។

លោកស្រី​ ភឿង សកុណា​ បានឱ្យដឹងថា​ តាមរយៈការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌យើងមិនត្រឹមតែបំផុសពួកគេឱ្យចូលរួមថែរក្សាការពារឫសគល់សិល្បៈវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ពួកគេឱ្យមានគំនិតក្នុងការបង្តើតសមិទ្ធផលសិល្បៈថ្មីៗថែមទៀតផង។

លោកស្រី​ ភឿង សកុណា​ បានឱ្យដឹងថា​ នៅពេលដែលយុវជនបាននឹងកំពុងឆ្លងកាត់យុគ្គសម័យដែលពោរពេញទៅដោយសន្ទុះឌីជីថលូបនីយកម្មដ៏ខ្លាំងក្លា ពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិរបស់ពួកគេជុំវិញពិភពលោក។ ចរន្តនៃការប្រាស្រ័យទាក់ទងនេះអនុញ្ញាតឱ្យយុវជន យើងចែករំលែកនិងរៀនសូត្រសិល្បៈវប្បធម៌ពីអ្នកដទៃនាំឱ្យបង្កើនការស្គាល់អត្តសញ្ញាណរបស់ជាតិយើងលើឆាកអន្តរជាតិដែលជំរុញឱ្យមានការគោរពស្រឡាញ់វប្បធម៌គ្នាទៅវិញទៅមកជាសកល។

លោកស្រី​បណ្ឌិត្យសភាចារ្យ ភឿង សកុណា បានឱ្យដឹងថា​ អស់រយៈពេល ១០ ឆ្នាំកន្លងមកហើយ ដែលទិវាវប្បធម៌ជាតិ ៣ មីនានៅតែបន្តផ្ដោតលើប្រធានបទដដែលគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ដើម្បីផ្ដល់អាទិភាពដល់យុវជននៅក្នុងការចូលរួមរក្សាថែមរតកវប្បធម៌ជាតិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print