ភ្នំពេញ ៖ ប្រសាសន៍ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងថា ៖ «គណបក្សប្រជាជនកម្ពុជា កើតពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន »
លោកថា ៖ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គណបក្សគឺការការពារសុខសន្ដិភាព ស្ថិរភាព និងបន្ដអភិវឌ្ឍដើម្បីជាផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
គណបក្សប្រជាជនកម្ពុជា តែងតែនៅក្បែរប្រជាជន និងបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ មិនថាគ្រប់គ្រាលំបាកយ៉ាងណានោះទេ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងឥស្សរជនជាន់ខ្ពស់របស់គណបក្ស បានចូលរួមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ដោយដាក់អាយុជីវិតជាដើមទុនក្នុងដំណើរស្វែងរកសុខសន្ដិភាពជូនប្រជាជន ហើយបានផ្ដល់ជូនប្រជាជនកម្ពុជានូវសុខសន្ដិភាពពេញលេញនៅទូទាំងប្រទេស និងបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍលើគ្រប់វិស័យ។
នៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលដែលទទួលបានសេចក្ដីទុកចិត្តពីប្រជាជនតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ២០២៣ បានបន្ដបេសកកម្មថែរក្សាការពារ និងអភិវឌ្ឍន៍បន្ថែម ជាពិសេសការបង្កើនសមត្ថភាពផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្ដេចធិបតីបានផ្ដល់អាទិភាព លើការជំរុញការបណ្ដុះបណ្ដាវិជ្ជាជីវៈ ការលើកកម្ពស់វិស័យសុខាភិបាល ការថែរក្សាលំនឹង និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ រាល់អត្ថប្រយោជន៍ដែលបងប្អូនកម្មករ កម្មការីនីនៅទូទាំងប្រទេសធ្លាប់ទទួលបាននឹងបន្តទទួលបាន ហើយមានតែបង្កើនបន្ថែមជាបន្តបន្ទាប់។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជាអ្នកបន្តថែរក្សាការពារសុខសន្តិភាព និងសមិទ្ធផលនានាដែលបានស្វែងរក និងកសាងមកយ៉ាងលំបាកដោយថ្នាក់ដឹកនាំជំនាន់មុន និងប្តេជ្ញាខិតខំប្រឹងប្រែងកសាងសមិទ្ធផលថ្មីបន្ថែមទៀត នៅក្នុងសុខសន្តិភាពដែលយើងកំពុងមាន៕
ដោយ ៖ សិលា