ភ្នំពេញ ៖ បន្ទាប់ពីមានវីដេអូឃ្លីប ប្រមាណ ២នាទីបង្ហាញអំពីសកម្មភាព របស់នាយនគរបាលពាក់ស័ក្តិ៥ មួយរូប ក្នុងឯកសណ្ឋាន អូសចាប់ជនស៊ីវិល ឱ្យមកផឹកស្រាបៀរកម្ពុជា ដែលបង្ហាញពីភាពមិនថ្លៃថ្នូរ ជាកងកម្លាំងនគរបាលជាតិ ត្រូវបានថ្នាក់ដឹកនាំចាត់វិធានការក្នុងរឿងនេះហើយ ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ ចំពោះករណីនេះខ្ញុំបានគោរពជូនថ្នាក់ដឹកនាំ លោកបានជ្រាបជាព័ត៌មាននេះហើយ ខ្ញុំ ក៏បានជូនព័ត៌មាននេះទៅខាង អគ្គនាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ដើម្បីលោកចាត់នីតិវិធីទៅតាម ជំនាញរបស់លោក ។
លោកបណ្ឌិតបន្តថា ៖ ខាងជំនាញនិងស្រាវជ្រាវក្នុងរឿងនេះ គឺកើតឡើងនៅទីកន្លែងណាឲ្យបានច្បាស់លាស់ ហើយវាជារឿងថ្មី ឬមួយជារឿងចាស់ ! ដើម្បីយើងពិនិត្យឲ្យបានជាក់ស្ដែង ហើយយើងនឹងសិក្សាទៅលើបទវិន័យ កងកម្លាំងនគរបាលជាតិ ដែលបានដាក់ចេញដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឆ្នាំ ២០២៤ ថ្មីៗនោះផងដែរ។ ដូច្នេះយើងរង់ចាំមើលថាតើ ការស្រាវជ្រាវរបស់កម្លាំងអង្គភាពជំនាញ ចំណុះ ទទួលបានលទ្ធផលយ៉ាងដូចម្ដេច ! ប្រសិនបើរកឃើញថារឿងនេះ ជារឿងថ្មីៗពិតប្រាកដ ជាក់លាក់ គឺថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមិនអនុញ្ញាតឲ្យមានការ ដើរខុសពីគន្លង ក្នុងក្របខ័ណ្ឌជាមន្ត្រី ពិសេស ជាកងកម្លាំងដែលមានបទបញ្ជា វិន័យតឹងរឹងដាច់ខាត គឺត្រូវដាក់វិន័យ ទៅតាមកំណត់ ឬដែលបានចែង ៕
ដោយ ៖ សិលា