រឿង ភូមិខ្ញុំក្នុងសម័យប៉ុលពត)

ចែករំលែក៖

* ការប្រមូលទ្រព្យសម្បត្តិដាក់រួម
នៅកណ្ដាលវាលខាងលិចភូមិមានរោងដោលមួយដែលតុបតែងលម្អដោយស្លឹកដូង ស្លឹកជ្រៃក្រឹមនិងមានមីក្រូមួយគ្រឿងបានចងភ្ជាប់នឹងឬស្សីមួយដើមលើកខ្ពស់ផុតពីរោង។ ទីនេះហើយដែលប្រធានក្រុមបានប្រាប់ប្រជាជនកាលពីល្ងាចមិញឲ្យទៅចូលរួមប្រជុំស្ដាប់អង្គការថ្នាក់លើ។ទាំងប្រជាជនចាស់ ទាំងប្រជាជនថ្មីត្រៀបត្រាស្ដាប់មតិយោបល់របស់អង្គការ។ ខ្ញុំបានត្រឡប់មកផ្ទះវិញមុនអង្គប្រជុំបានបញ្ចប់ដើម្បីដាំបាយ។
វេលាថ្ងៃជិតត្រង់ ឪពុកម្ដាយរបស់ខ្ញុំបានមកដល់ផ្ទះ។ ពេលហូបបាយរួចពួកគាត់ស្ងៀមស្ងាត់មិនមាត់មិនកដូចពេលមុនៗសោះ។ ឃើញបែបនេះ ខ្ញុំសួរគាត់ថា ម៉ែពុកមានរឿងអីបានធ្វើមុខក្រៀមៗអ៊ីចឹង? ម្ហូបរបស់ខ្ញុំធ្វើហូបមិនឆ្ងាញ់ឬ?
” ស្រុកយើងប្រែប្រួលហើយកូនចាប់ពីពេលនេះទៅ យើងត្រូវប្រមូលរបស់របរទ្រព្យសម្បត្តិសម្ភារៈទាំងអស់ប្រគល់ឱ្យអង្គការយកទៅដាក់រួមលែងមានហូបបាយតាមផ្ទះ លែងចាយលុយ លែងមានផ្សារលក់ដូរទៀតហើយ” ឪពុករបស់ខ្ញុំឆ្លើយតបទាំងទឹកមុខក្រៀមក្រំ។
ឮដូច្នោះ បងប្រុសរបស់ខ្ញុំមិនអស់ចិត្ត ក៏សួរបន្តភ្លាមៗថាអ៊ីចឹងគោយើងទាំងអស់យកដាក់រួមដែរឬ?
ឪពុករបស់ខ្ញុំទំពាបាយបណ្ដើរ និយាយបណ្ដើរថា គោ ក្របី ជ្រូកមាន់ ទា ស្រូវ អង្ករ ចាន ឆ្នាំង កែវវែក ស្លាបព្រា ត្រូវយកទៅដាក់រួមជាសមូហភាពទាំងអស់។ ស្អែកមេគោនិងអាកូនវាពីរក្បាលហ្នឹងត្រូវដឹកយកទៅទុកនៅវត្តជើងចាស់ ឯចានឆ្នាំងត្រូវយកទៅទុកនៅផ្ទះយាយដឹប ។
បរិភោគបាយរួច ខ្ញុំបានទៅផ្ទះម្ដាយមីងរបស់ខ្ញុំដែលនៅជាប់របងគ្នា។ ខ្ញុំឃើញបង្វេចខ្មៅមួយ។ទុកនៅក្រោមគ្រែដំណេកដែលពីមុនមិនដែលឃើញសោះ។ ខ្ញុំឆ្ងល់ក៏សួរទៅគាត់ថា មីងអីខ្មៅមួយដុំធំនៅក្រោមគ្រែនោះ ? មីងមើលមកខ្ញុំក្នុងអារម្មណ៍ភ្ញាក់ផ្អើល ហើយគាត់បន្លឺថាកុំប្រាប់គេ អាហេង! អញលាក់អង្ករទុកដាំបាយស៊ីខ្លះ ស្អែកប្រមូលឲ្យអង្គការអស់ហើយ។
មិនបានយូរប៉ុន្មានផងម្ដាយមីងក៏ទាញស្បោងក្រោមគ្រែនោះចេញមកវិញ។ប្រហែលជាខ្លាចបែកការ។ពីខ្ញុំ។ហើយមើលទៅ។ពេលរសៀលខ្ញុំយកមេគោទៅចងឲ្យស៊ីស្មៅដូចសព្វដង។ហើយក៏ហួសទៅផ្ទះមិត្តភក្កិរបស់ខ្ញុំនៅកណ្ដាលភូមិ។
អាឃ្លី! ហ្អែងជីកដីធ្វើអីហ្នឹង? ខ្ញុំសួរមិត្តភក្កិរបស់ខ្ញុំ។
កុំនិយាយឮៗអានេះ ប្រយ័ត្នគេដឹង ម៉ែអញឲ្យជីកដីកប់ចាន ឯងដើរចេញទៅប្រយ័ត្នម៉ែអញស្ដីឱ្យ(អាឃ្លីតប)ពេលមកដល់ផ្ទះ ខ្ញុំបានឃើញម្ដាយរបស់ខ្ញុំរៀបកែវ ធំៗ ចានថ្មល្អៗ ដាក់ក្នុងឆ្នាំងដែកហើយបងប្រុសរបស់ខ្ញុំលើកយកទៅក្រោយផ្ទះ។ ខ្ញុំដឹងថាច្បាស់ជាគាត់យកទៅកប់លាក់ទុកដែរហើយ។
រាត្រីការឈានមកបន្តិចម្ដងៗ យប់នេះសំឡេងឆ្កែព្រុសវ៉ូសៗលាន់ឮពាសពេញភូមិ។ ខ្ញុំឃើញម្ដាយរបស់ខ្ញុំដើរទៅមុខ ទៅក្រោយ ប្រហែលចាក់ស្រេះដោយបញ្ហាស្មុគស្មាញហើយមើលទៅ។
អរុណទ័យ ចាំងរស្មីពីទិសបូព៌ាប្រជាជនក្មេងចាស់ប្រុសស្រីខ្លះយួរ ខ្លះលី ខ្លះទូល ខ្លះដឹកដោយកង់ ដោយរទេះគោ នាំយកសម្ភារៈរបស់របរប្រើប្រាស់យកទៅដាក់ជាសមូហភាព។ ខ្ញុំដឹកគោ៣ក្បាលបងប្រុសរបស់ខ្ញុំកាន់រំពាត់ដេញគោពីក្រោយ។ បន្ទាប់ពីយកគោប្រគល់ឱ្យអង្គការហើយ ខ្ញុំត្រឡប់មកដល់ផ្ទះវិញ ហើយយើងដេញចាប់ទាបានបួនប្រាំក្បាលយកទៅដាក់រួមក្នុងត្រពាំងដែលហ៊ុមព័ទ្ធដោយព្រួលរៀបបម្រុងទុកជាស្រេច។ របស់របរទាំងឡាយណាដែលយកទៅមិនទាន់អស់ត្រូវរក្សាទុកបណ្ដោះអាសន្ននៅតាមផ្ទះសិន ហើយប្រធានរោងបាយមកចាប់យកទៅធ្វើម្ហូបជារៀងរាល់ថ្ងៃ។
* ការហូបរួម
ការដាំស្លហូបបាយនៅតាមគ្រួសារបានលុបបំបាត់ចោលទាំងស្រុង។ នៅក្នុងភូមិរបស់ខ្ញុំអង្គការបានបង្កើតទីកន្លែងដាំស្លនិងបរិភោគរួមគ្នាមួយហៅថារោងបាយ។ ប្រធានរោងបាយឬហៅម្យ៉ាងទៀតថា ប្រធានចុងភៅ ជាអ្នកគ្រប់គ្រងការងាររោងបាយ និងមានអំណាចកាត់បន្ថយរបបអាហារ ឬផ្ដាច់របបមួយថ្ងៃឬលើសពីនេះចំពោះជនណាដែលអង្គការបានកំណត់មុខសញ្ញាជាមុនដូចជា អ្នកមិនសកម្មការងារ អ្នកមិនទៅធ្វើការងារ អ្នកធ្វើពុតជាឈឺ និងអ្នកគេចវេសពីការងារ។ សំឡេងជួងរោទិ៍ម៉ឺងៗៗ ពេលថ្ងៃត្រង់នឹងម៉ឺងៗ..ពេលព្រលប់ គឺជាសញ្ញាប្រាប់ថាដល់ពេលដែលហូបបាយហើយ។ ម្នាក់ៗត្រូវអង្គុយតាមក្រុមទល់មុខគ្នាលើកៅអីក្តារបន្ទះវែងៗធ្វើអំពីឈើបន្ទះប្រវែងបីបួនម៉ែត្រតម្រៀបជាជួររង់ចាំហូបបាយតាមការចាត់ចែងរបស់ចុងភៅ។ ការហូបរបៀបនេះចាត់ចែងដំណើរការបានតែពីដំបូងប៉ុណ្ណោះ។ រយៈពេលក្រោយក្រោយមកយើងមិនចាំបាច់ហូបអង្គុយតាមក្រុមទៀតទេ គឺចុងភៅជាអ្នកផ្ដល់របបបាយ ឬបបរទៅតាមបុគ្គលម្នាក់ៗដែលកាន់ចាន និងស្លាបព្រារៀងៗខ្លួនឈរតម្រង់ជាជួរដើរទៅរកចុងភៅដែលកាន់វែកត្រឡប់ដូងត្រឡប់ដូងឈរជ្រែងនៅជាប់នឹងឆ្នាំងផ្ទះបាយ។ បន្ទាប់ពីទទួលរបបអាហាររួម ម្នាក់ៗត្រូវមកអង្គុយបរិភោគរៀងៗខ្លួន។
អាហេងម៉េចបបរអ្ហែងបានតិចម៉េសមិត្តរួមការងារផុតបបរគ្រប់ៗរួចសួរមកខ្ញុំ។
ចុងភៅថាអញដកសំណាបមិនគ្រប់ចំនួនកណ្ដាប់ អ៊ីចឹងគាត់កាត់របបអញឲ្យតែកន្លះវែងទេ។ ខ្ញុំតបតិចៗ ។
វាឮដូច្នោះហើយក៏និយាយប្រាប់ខ្ញុំបន្ថែមទៀតថា អើ! ថ្ងៃមុនអាឆន និងអញត្រូវចុងភៅផ្ដាច់របបមួយពេលដែរ ព្រោះអញទាំងពីរនាក់អត់ទៅកាប់ទន្ទ្រានខេត្រ។
កងកម្លាំងពលកម្មមនុស្សពេញវ័យ ពួកគេទៅធ្វើការឆ្ងាយៗពីភូមិ មិនសូវបានហូបរួមនៅទីនេះដូចកងកុមារឡើយ។ ពួកគេទៅធ្វើការនៅទីណាហូបរួមគ្នានៅទីនោះ។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print