សម្តេចធិបតី នាយករដ្ឋមន្ត្រី ៖ ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ គឺជាការពញ្ញាក់អារម្មណ៍ និងបំផុសឱ្យកូនខ្មែរ រួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំគឺជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និង បំផុសឱ្យកូនខ្មែររួមគ្នាការពារ ថែរក្សា និង លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា» ។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបន្តប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទតែមួយគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្នុងរយៈពេល ១០ឆ្នាំ នេះ ។

នេះជាការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ ឆ្នាំ២០២៥» និងសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦ កាលពីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំងបញ្ញាសិប្បនិម្មិត (AI) ផង កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើននៃការប្រើប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ ប៉ុន្តែ ជាមួយគ្នានេះ ក៏មានបញ្ហាមួយចំនួនដែលកើតចេញពីការគិតគូរមិនបានគ្រប់ជ្រុងជ្រោយ។ ហេតុនេះ សូមប្រកាន់ខ្ជាប់នូវអភិក្រម និងវប្បធម៌ ថា មានរឿងអ្វីត្រូវនិយាយរកគ្នា ប្រាស្រ័យទាក់ទងគ្នាក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ និងចៀសវាងការប្រើប្រាស់ពាក្យអសុរោះ ពាក្យហិង្សា ដែលប្រាសចាកពីសីលធម៌ និង វប្បធម៌ខ្មែរ។ មួយវិញទៀត រាល់ការធ្វើសកម្មភាព និងនិយាយអ្វីមួយ សូមគិតពីការប៉ះពាល់អារម្មណ៍អ្នកដទៃ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ក្នុងសង្គមរវាងមនុស្ស និងមនុស្ស ជាពិសេស គឺត្រូវគិតគូរអំពីសេចក្ដីថ្លៃថ្នូររបស់មនុស្សដូចគ្នា ។

សម្ដេចបវរធិបតី ក៏បានណែនាំឱ្យក្រសួងវប្បធម៌ សហការជាមួយក្រសួងរៀបចំដែនដី ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឡើងវិញឱ្យបានច្បាស់នូវតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឬទីតាំងបុរាណដ្ឋានទាំងអស់ ដើម្បីកំណត់ថា ទីតាំងណាខ្លះដែលត្រូវការពារ និងអភិរក្ស និងទីតាំងណាខ្លះដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្ដែង ។

សម្ដេចបវរធិបតី បន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធសូមបន្តសហការគ្នា ក្នុងការរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដើម្បីផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌របស់កម្ពុជា និងពិភពលោក ចូលរួមថែរក្សា។ ពាក់ព័ន្ធនឹងវិស័យសិល្បៈនេះដែរ សូមលើកទឹកចិត្តដល់ការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី ដោយឈរលើការរក្សាអត្តសញ្ញាណជាតិជាគោល។

សម្ដេចនាយករដ្ឋមន្ត្រី សូមឱ្យបន្តការស្រាវជ្រាវ និងចងក្រងនូវសិល្បវប្បធម៌ ជាពិសេសប្រភេទសិល្បៈដែលមានហានិភ័យខ្ពស់ ដោយរាជរដ្ឋាភិបាល បានរៀបចំចុះបញ្ជីសង្ក្រាន្តនៅកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហេតុនេះ សូមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំសង្ក្រាន្តឱ្យបានច្រើន និងស្របតាមប្រពៃណីជាតិខ្មែរ នៅតាមមូលដ្ឋានរបស់ខ្លួន នាឱកាសសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ ខណៈក្នុង ១ឆ្នាំជាងនេះ តាំងពីចាប់កំណើតរាជរដ្ឋាភិបាលថ្មី យើងបានដាក់ប្រាសាទកោះកេរ ចុះបញ្ជីក្រមា ទៅក្នុងអង្គការយូណេស្កូ នេះ ។ សម្តេច ក៏បានជំរុញឱ្យក្រសួងវប្បធម៌ និងមន្ត្រីជំនាញ សូមបន្តកិច្ចការងារនេះ ដើម្បីឱ្យពិភពលោកបានឃើញនូវអ្វីដែលបុព្វបុរសយើងបានខិតខំ និងអំពាវនាវដល់ជនរួមជាតិ ចូលរួមបើកចិត្តឱ្យទូលាយ ថែរក្សា និងរួមគ្នាចែករំលែកអ្វីដែលខ្មែរមាន ដើម្បីទាំងអស់គ្នា ចូលរួមអបអរសាទរ និងឱ្យបរទេសបានស្គាល់ថា អ្វីជារបស់ខ្មែរ ។

ទន្ទឹមនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញពីទិដ្ឋភាពនាសម័យដើម ដែលប្រជាពលរដ្ឋពេញនិយមលេងល្បែងប្រជាប្រិយខ្មែរពេលចូលឆ្នាំប្រពៃណីខ្មែរ ខណៈដែលយុវវ័យសម័យនេះ នឹកឃើញតែការលេងបាញ់ទឹក និងពពុះសាប៊ូ ។ សម្តេច សង្ឃឹមថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សម្តេច មានបំណងឱ្យយុវជនជាកម្លាំងស្នូល ទាំងសិល្បករ សិល្បការិនី ចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ដ៏ល្អល្អះរបស់យើង។

បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្រាប់ការរៀបចំអង្គរសង្ក្រាន្តក្នុងឆ្នាំនេះ ក៏មានការរៀបចំល្បែងប្រជាប្រិយខ្មែរ ជាពិសេស សម្តេច បានណែនាំដល់គណៈអភិបាលរាជធានី/ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់រៀបចំលេងល្បែងប្រជាប្រិយខ្មែរ ឱ្យកាន់តែផុសផុល និងធ្វើការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏យូរអង្វែងរបស់យើង ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្តេច ថា ការណែនាំបែបនេះ មិនមែនហាមមិនឱ្យមានការបាញ់ទឹកនោះទេ ប៉ុន្តែកុំភ្លេចល្បែងប្រជាប្រិយរបស់យើងផង ។

ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី សូមលើកទឹកចិត្តឱ្យក្រសួងវប្បធម៌ និងវិស័យឯកជន បញ្ជូនមន្ត្រី សិល្បករ សិល្បការិនី ទៅសិក្សា ដកពិសោធន៍ និងសហការជាមួយដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុង និងក្រៅស្រុក។ បន្ថែមលើនេះ សូមក្រសួងវប្បធម៌ សហការជាមួយក្រសួងការបទេស ជំរុញឱ្យគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print