ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ស្ត្រីជនជាតិបរទេសម្នាក់ ដែលបានបាញ់ថ្នាំលើបង្កាន់ដៃស្ពានព្រែកកំពង់បាយ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញក្រុងកំពត នាំខ្លួនយកទៅសាកសួរតាមនីតិវិធី។ លោកស្នងការខេត្ត ក៏សូមកោតសរសើរលោកអធិការក្រុងកំពត និងសហការី ដែលបានស្រាវជ្រាវរកស្ត្រីដែលជាជនជាតិបរទេសខាងលើបានទាន់ចិត្ត ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសង្កត់ធ្ងន់ថា អ្នកចង់រស់នៅក្នុងប្រទេសខ្ញុំខេត្តខ្ញុំ អ្នកត្រូវគោរពវប្បធម៏និងទំនៀមទំលាប់របស់ប្រទេសខ្ញុំ ចំពោះស្ត្រីខាងលើនេះយើងនិងអនុវត្តនិតិវិធីដោយគ្មានការយោគយល់នោះឡើយ ដើម្បីជាគំរូសំរាប់ជនបរទេសដ៏ទៃទៀតកុំអោយធ្វើតម្រាប់តាម។
គួរជម្រាបជូនថា លោកឧត្តមសេនីយ៍ទោស្នងការ កាលពីព្រឹកមិញនេះ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ ប្រទេសខ្ញុំខេត្តខ្ញុំមានច្បាប់ទំលាប់ត្រឹមត្រូវ មិនមែនអ្នកឯងចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ អ្នកត្រូវត្រលប់មកសម្អាតស្ពានអោយបានដូចដើមឡើងវិញ សមត្ថកិច្ចកំពុងចុះទៅយកស្ត្រីជនជាតិបរទេសដែលបានបាញ់ថ្នាំលើបង្កាន់ដៃស្ពានព្រែកកំពង់បាយដើម្បីធ្វើការតាមនិតិវិធីច្បាប់និងត្រូវសម្អាតឱ្យបានស្អាតដូចដើមឡើងវិញ ៕ដោយ៖តារា