ខេត្តស្ទឹងត្រែង៖ និស្សិតចំនួន២២១នាក់ ស្រី១៤៤នាក់មកពីបណ្តាខេត្ត សហគមន៍ចម្រុះ នៃសាលាមធ្យមសិក្សាភូមិភាគស្ទឹងត្រែង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន សារធាតុគីមីផ្សំ និងអត្ថប្រយោជន៍App NoDrug ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកសាស្ត្រាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងបានលើកឡើងថាបញ្ហាគ្រឿងញៀនជាបញ្ហារួមនិងបានបំផុសឱ្យនិស្សិតទាំងអស់ចូលរួមឱ្យបានសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមកដល់ពេលនេះមាននិស្សិតចំនួន៥០០នាក់បានចូលរួម។
ក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានថ្លែងអំណរគុណចំពោះការចូលរួមរបស់សាលាសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការចូលរួមរបស់ពួកគាត់ ក្រុមគ្រួសារក៏ដូចជាសហគមន៍របស់ពួកគាត់ដើម្បីចៀសផុតបានពីបញ្ហាគ្រឿងញៀន និងទប់ស្កាត់ការផលិតកែឆ្នៃគ្រឿងញៀន។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តទៀតថា បញ្ហាគ្រឿងញៀននៅតែមិនទាន់ថមថយដូចនេះការចូលរួមជួយពីគ្រប់សមាសភាពនៅមូលដ្ឋានទាំងអស់នៅតែចាំបាច់បំផុតនិងបានសំណូមពរដល់និស្សិតចូលរួមប្រើប្រាស់និងផ្សព្វផ្សាយឱ្យក្រុមគ្រួសារប្រើប្រាស់App NoDrug ដើម្បីចំណេះដឹង ព័ត៌មាន និងរាយការណ៍រាល់ករណីគ្រឿងញៀនដោយគ្មានអត្តសញ្ញាណអ្នករាយការណ៍
ហើយទទួលបានការដោះស្រាយទាន់ពេលវេលា។
វាគ្មិនគឺឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ និងឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានប្រាប់ឱ្យដឹងថា និស្សិតបានយល់ដឹងពីយន្តការគ្រប់គ្រងនិងមុខងារសារធាតុគីមីផ្សំក្នុងសង្វាក់ផលិតកម្មគ្រឿងញៀនខុសច្បាប់ អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់App NoDrug៕ដោយ៖តារា