(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៥។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះសម្តេច ដែលជានិច្ចកាលតែងបានលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី រួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ បរិច្ចាគទ្រព្យធនដោយសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមដើម្បីកសាងអភិវឌ្ឍន៍សង្គមជាតិ។ ទន្ទឹមនឹងនេះ សម្តេចជាកុលធីតាដ៏ឆ្នើមមួយរូបប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងជាឧត្តមភរិយាដែលតែងតែរួមដំណើរ ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្ថាបនាសមិទ្ធផលនានាជាច្រើន សម្រាប់បម្រើក្នុងវិស័យ ពុទ្ធចក្រនិងអាណាចក្រប្រកបដោយសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមបំផុត។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនសម្តេចធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕