* កងកុមារ :
អង្គការបានបែងចែកកម្លាំងពលកម្មទៅតាមវ័យមនុស្ស។ កងចល័តកុមារ គឺមានអាយុប្រហាក់ប្រហែល១៣ ឆ្នាំចុះក្រោម។ ខ្ញុំព្រមទាំងកុមារទាំងអស់បានរៀនអក្សរនៅសាលារៀនបឋមសិក្សាស្វាយ អម្ភា ដែលមានទីតាំងនៅខាងកើតជាប់ភូមិបឹង។ អង្គការមិនឱ្យយើងហៅគ្រូបង្រៀនថា លោកគ្រូ ឬអ្នកគ្រូទេ យើងត្រូវហៅថា” បង” ។រីឯកុមារៗដូចគ្នា ត្រូវហៅថាមិត្តហើយត្រូវប្រើពាក្យហូបមិនឱ្យនិយាយថា ស៊ី ឬផឹកនោះទេ។ កាលពីដំបូងការសិក្សារៀនសូត្ររបស់យើងរៀនជាប់លាប់ជាធម្មតា តែពេលក្រោយៗមករៀនអក្សរ(ក)ឬ(ខ) បានបួន១០នាទីហើយក៏ចេញទៅធ្វើពលកម្ម។ កម្មាភិបាលអង្គការថ្នាក់លើបានចុះមកជួបចំណេះសំណាលជាមួយកងកុមារព្រមទាំងចែកដីសមួយកំណាត់ដើម សៀវភៅមួយ និងកំណាត់ខ្មៅដៃមួយកំណាត់ដល់កុមារគ្រប់ៗគ្នាហើយបន្លឺវាចាខ្លាំងៗដោយវាសដៃចុះឡើងថា ប្រទេសយើងក្រលំបាកវេទនាដោយសារពួកសក្តិភូម នាយទុនប្រតិកិរិយា ក្រពត្តិអាមេរិក ពួកវាជិះជាន់កេងប្រវ័ញ្ចជញ្ជក់ញើសឈាមវណ្ណៈកសិករ កម្មករ យើង ឥឡូវយើងបានជ័យជម្នះយ៉ាងត្រចះត្រចង់។ យើងមានអង្គការបដិវត្តន៍ដ៏ត្រឹមត្រូវជាម៉ែឪរបស់យើងទាំងអស់គ្នា តែខ្មាំងស៊ីរូងផ្ទៃក្នុងនៅមិនទាន់អស់នៅឡើយទេ។ ដូចនេះកុមារទាំងអស់ដែលជាកូនចៅអង្គការត្រូវស៊ើបការណ៍ រាយការណ៍ ប្រាប់អង្គការអំពីខ្សែរយៈខ្មាំងបង្កប់ពួក សេអ៊ីអា ឬកាហ្សេបេ ។
សាលាដែលធ្លាប់រៀនពីមុន ត្រូវបានរុះរើដើម្បីយកឈើធ្វើជាជង្រុកស្រូវ។ ការសិក្សាត្រូវប្ដូរមករៀននៅក្រោមផ្ទះរបស់ប្រជាជនវិញ។ ថ្នាក់រៀនថ្មីនេះមិនមានជញ្ជាំងបិទបាំងនោះទេ មានតែតុឈើចាស់ៗ ហើយយើងត្រូវអង្គុយប្រជ្រៀតគ្នា។ សរសេរអក្សរដោយប្រើធ្យូង។ បន្ទាប់ពីរៀនក.ខ.គ.ឃ.ង.បានបួនដប់នាទីមកបងៗគ្រូបានដឹកនាំកុមារធ្វើការងារពលកម្មដូចជា ដាំត្រកួន ពូនរងដាំដំឡូងជ្វា និងកាប់ដើមទន្ទ្រានខេត្តយកមកធ្វើជី។
មិនយូរប៉ុន្មាន ការសិក្សានៅក្រោមផ្ទះត្រូវបានបញ្ឈប់ទាំងស្រុង។ កុមារត្រូវបែងចែកជាក្រុមៗដើម្បីធ្វើពលកម្មយ៉ាងពេញទំហឹង។ ម៉ោងប្រហែល ៥ ទៀបភ្លឺស្នូរជួងបន្លឺឡើងពីរោងបាយជាច្រើនម៉ឺង បន្ទាប់មកស្នូរកញ្ចែស្រែកឡើងច្រេក ច្រេក ជាសញ្ញាថា ឲ្យកុមារទៅធ្វើពលកម្មតាមផែនការដែលបានកំណត់ដោយប្រធានកង។ ក្រុមរបស់ខ្ញុំមានសមាជិកមិនលើសពី ១០ នាក់នោះទេត្រូវដើរកាត់ទន្ទ្រានខេត្តក្នុងមួយថ្ងៃឲ្យបាន ៤ពំនូក យកទៅកាប់ចិញ្ច្រាំនៅឃ្លាំងផ្ទុកអាចម៍គោ។ ពេលដែលយើងធ្វើការងារពលកម្មតាមវាលស្រែ យើងអាចបេះស្លឹកឈើ ផ្លែឈើ រកឃ្មុំតាមកម្ពោតព្រៃ ចុះទឹកបេះផ្លែព្រលឹត ផ្លែស្រវាតោក ចាប់ត្រី ខ្យងក្តាម កង្កែប លួចបរិភោគដើម្បីសម្រន់នៃការស្រេកឃ្លានបានខ្លះៗដែរ។ ក្នុងទឹកសម្បូរត្រីណាស់ យើងយកបង្គីជញ្ជាត់ឬចាប់ដោយដៃទទេក៏អាចចាប់បានដែរ។
ជួយផង!ជួយផង! សំឡេងមិត្តនារីពេជ្រដុះមួកគ្រវីក្រវាត់ស្រែកឲ្យគេជួយ។
យ៉ាងម៉េចកាប៉ិច!ឃ្មុំតិចមែន?មិត្តយ៉ុនសួរ
កាប់ត្រូវសំបុកស្រាំងវាដេញទិច តែមិនអីទេរត់ចេញទាន់។ មិត្តនារីប៉ិចឆ្លើយ។
អើ!ថ្ងៃមុនខ្ញុំប៉ោងភ្នែកម្ខាងដែរ បីថ្ងៃបានបាត់ហើម។ មិត្តឆនប្រាប់ទៅមិត្តរួមការងារ។
ការងាររបស់យើងប្រែប្រួលទៅតាមរដូវកាល។ ខែប្រាំងយើងនាំគ្នាដើររើសកួរស្រូវតាមវាលស្រែដែលកំពុងច្រូតកាត់ កើបអាចម៍គោ កើបជីលេខ១ ( ជីលាមកមនុស្សលាយផេះ) រៀបលានបញ្ចាន់ស្រូវ។ រីឯខែវស្សា យើងដកសំណាប ដកស្មៅ ក្នុងសន្ទូងអូសកណ្ដាប់ស្រូវសម្រាប់ឲ្យមនុស្សចាស់ស្ទូង ចាប់ក្តាមតាមភ្លឺស្រែ ជីករន្ធកណ្ដុរតាមភ្លឺស្រែឬតាមកម្ពោតព្រៃ។ កណ្ដុរដែលយើងចាប់បានត្រូវព្រលាត់ដោតចង្កាក់ហាលថ្ងៃទុកធ្វើជាម្ហូបរួម។
ការងារនឿយហត់ ពោះក៏ឃ្លានតែបានភាពធូរស្បើយមកបន្លប់ខ្លះៗ ដោយយើងនាំគ្នាហែលទឹកលេងតាមអូរ តាមប្រឡាយខ្វាត់ខ្វែងលាតសន្ធឹងកាត់វាលស្រែធំល្វឹងល្វើយ។
* កងចល័ត:
បុរសនារី ពេញវ័យ ពេញកម្លាំង ត្រូវបានអង្គការហៅថាកងចល័ត។ការងារដែលធ្ងន់ៗត្រូវសម្រេចដោយកម្លាំងស្រួចនេះ។ កងចល័ត្នច្រើនតែធ្វើការងារនៅឆ្ងាយៗពីភូមិស្រុក។ ពួកគេធ្វើការងារកន្លែងណាគឺត្រូវបោះជំរំស្នាក់នៅនិងហូបចុកនៅកន្លែងនោះ។ខែប្រាំងបន្ទាប់ពីការងារច្រូតកាត់រួចការងាររបស់កងចល័ត គឺជីកប្រឡាយ និងលើកទំនប់។ អូរ ប្រឡាយតូចធំរាក់ជ្រៅសណ្ដូកខ្លួនត្រង់ភ្លឹងតាមវាលស្រែ គឺជាសមិទ្ធផលនៃកម្លាំងសាច់ដុំដៃ សាច់ដុំស្មា កាប់នឹងចបរែកនឹងបង្គីប្រឹងយ៉ាងសស្រាក់ស្រាំរបស់កងយុវពលករនេះ។ បងប្រុសរបស់ខ្ញុំបីនាក់ជាកងចល័ត។ យូរៗម្ដងទើបពួកគាត់អាចសុំច្បាប់ប្រធានកងមកលេងផ្ទះបានមួយព្រឹកមួយល្ងាច ឬមួយថ្ងៃ។ ពួកគាត់សម្បុរខ្មៅស្គមកំព្រឹងមើលសឹងតែមិនស្គាល់។
អាហេង! ម៉ែមិនទាន់មកផ្ទះទេ? បងប្រុសសួរមកខ្ញុំ។
ម៉ែល្ងាចបានមកផ្ទះ បងឯងមកប៉ុន្មានថ្ងៃ? ខ្ញុំសួរត្រឡប់ទៅគាត់វិញ។
សុំច្បាប់ប្រធានកងបានមួយល្ងាច ស្អែកងើបពីយប់ទៅការដ្ឋានវិញ នៅលើផ្ទះមានអីហូបអត់? បងប្រុសខ្ញុំសួរដោយសេចក្តីស្រេកឃ្លាន។
អត់មានទេ ល្ងាចមិញម៉ែបានស្ករត្នោតមួយដុំទុកនៅក្បែរពាងទឹកយកហូបទៅ។ បងខ្ញុំដើរសំដៅឋទៅក្រោយតាមការប្រាប់របស់ខ្ញុំ។
ពេលព្រលប់បន្តិច ឪពុកម្ដាយរបស់ខ្ញុំមកដល់ផ្ទះ។ មុនពេលលួងលក់ក្នុងដំណេកបងប្រុសទី ១ នេះបាននិយាយជាមួយម្ដាយរបស់ខ្ញុំតិចៗថា ប្រយ័ត្នប្រយែងៗ…។ ខ្ញុំស្ដាប់ឮផុតៗ មិនយល់អស់សេចក្តីហើយស្ងប់ស្ងាត់លង់លក់ក្នុងរាត្រីសូន្យឈឹង។ (នៅមានត។)
