ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Charith Amarasinghe ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងប្រទេសកម្ពុជា, ឡាវ, ថៃ និងវៀតណាមនៃទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលី ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលបានចំណាយពេលវេលាអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីសិក្សាអំពីតថភាពជាក់ស្តែងនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ស្របគ្នានេះ លោកបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាឱ្យបាននូវស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់, ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ, និងការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធភស្តុភារកម្មតាមរយៈការដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣។
បន្ថែមពីនេះ លោកអគ្គលេខាធិការរងក៏បានជម្រាបជូនភាគីមិត្តអំពីសក្តានុពល, កាលានុវត្តភាព, និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ និងគោលនយោបាយស្តីពីវិនិយោគក្នុងស្រុកដែលមានភាពបើកចំហ, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងភាពអំណោយផលសម្រាប់ការវិនិយោគដោយគ្មានការរើសអើង។
ជាការឆ្លើយតប លោក Charith Amarasinghe បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកកាន់កម្ពុជាជាលើកដំបូងក្នុងអាជីពការងាររបស់ខ្លួន ហើយបានទទួលជួបសិក្សាស្វែងយល់អំពីវឌ្ឍនភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសចំណុចគន្លឹះសំខាន់ៗដែលមានចែងក្នុងបទប្បញ្ញត្តិស្តីពីវិនិយោគ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញនូវសុទិដ្ឋិនិយមថាព័ត៌មានដែលទទួលបាននាឱកាសនេះនឹងត្រូវបានប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់ផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចអូស្ត្រាលីដែលមានបំណងចង់ពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត ហើយលោកនឹងរង់ចាំស្វាគមន៍ជានិច្ចក្នុងការផ្តល់កិច្ចសម្រួលដល់ការទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុជូនសហគ្រាសធន់តូច, មធ្យម, និងសហគ្រាសគ្រាក់ៗរបស់អូស្ត្រាលីដែលគ្រោងនឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សូមជម្រាបជូនផងដែរថា ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលីគឺជាស្ថាប័នរដ្ឋដែលទទួលបន្ទុកក្នុងការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុក្រោមរូបភាពកម្ចី, មូលបត្របំណុល, និងការធានា ជូនសហគ្រាសអូស្ត្រាលីដែលមានបំណងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅក្រៅប្រទេស៕
ដោយ៖តារា