ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ខ្ញុំបានតាមដានមួយរយៈនូវសកម្មភាពរបស់ប្អូនប្រុស ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈនិងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ កាលពីម្សិលមិញ ខ្ញុំបានឆ្លៀតពេលជួបជជែកលេងជាមួយប្អូនប្រុស ហើយខ្ញុំកាន់តែមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ប្អូន រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបប្អូនកាលពីអតីតកាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តថា ៖ បងសូមជូនពរប្អូន សូមទទួលបានជោគជ័យបន្តទៀតក្នុងកិច្ចការងារមនុស្សធម៌នេះ ដែលនេះមិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់ប្អូនសបញ្ជាក់ថា បើយើងមានឆន្ទៈ ស្មារតីតស៊ូ និងគំនិតវិជ្ជមាន ទោះជាលទ្ធភាពយើងមានកំណត់ ក៏យើងអាចសម្រេចបាននូវកិច្ចការជាច្រើនដែលមិនត្រឹមតែជួយខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយដល់អ្នកដទៃ និងបង្កើតស្នាដៃវិជ្ជមានក្នុងសង្គមផងដែរ។
សម្តេចធិបតីបន្តថា ៖ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពមនុស្សធម៌ដូចជាសកម្មភាពរបស់ប្អូនប្រុស ក៏ដូចជារាល់សកសកម្មភាពទាំងឡាយណាដែលផ្ដល់ផលប្រយោជន៍វិជ្ជមានដល់អ្នកដទៃនិងសង្គមជាតិ ៕
ដោយ ៖ សិលា