ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តងោកមួយភាំង រេចង្កូតឡើងសួនច្បាររង្វង់មូលអប្សរា បុកខឿនថ្ម នឹង បង្គោលសូឡាបំភ្លឺផ្លូវ ០១ដើម រួមទាំង ដើមផ្កា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចរង្វង់មូលអប្សរា តាមបណ្តោយផ្លូវ អូសុីអាយសុី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុបុរសជាអ្នកបើករថយន្ត កាំម៉ារី ហាយប្រីដ ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-9718 បានបើកបរមកពីកំពង់ចាម គោលដៅចូលភ្នំពេញវិញ ដើម្បីត្រឡប់ទៅផ្ទះ ខណៈបើកបរ តាមបណ្ដោយផ្លូវ អូសុីអាយសុី មកដល់ចំណុចកើតហេតុចំណុចរង្វង់មូលអប្សរា បើកក្នុងទិសដៅពីជើងទៅត្បូង បានងោកមួយភាំងក៏ជ្រុលរេចង្កូត ឡើងខឿនសួនច្បារបុក បង្គោលសូឡាបំភ្លឺផ្លូវ ចំនួន០១ដើម រួមទាំងដើមផ្កាជាច្រើនដើមបណ្ដាលឲ្យរងការខូចខាត ចំណែក់រថយន្តមិនទាន់អស់ល្បឿន បានទៅបុកផ្ទប់ជាមួយបង្គោលសូឡា ០១ដើមទៀតទៅមុខលែងរួច អ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំង រួចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រងចាំដោះស្រាយពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ