រដ្ឋមន្ត្រីក្រសួងអប់រំធ្វើបាឋកថាពិសេស ស្តីពី “តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងវេទិកា បទឧទ្ទេសពិសេសក្រោមប្រធានបទ “តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ លោក លោកស្រីថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកសិក្សាជាគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀននៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលា រៀន និងគ្រូបង្រៀនចូលរួមដោយផ្ទាល់ប្រមាណ៥៤២ នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ ៤៧៧៤ នាក់។

នាឱកាសនេះ លោកស្រី គឹម សេដ្ឋានីរដ្ឋលេខាធិការប្រចាំការ បានធ្វើបទឧទ្ទេស និងលើកឡើងពី ៣ផ្នែកសំខាន់ៗ៖ ទី១). ការអប់រំកុមារតូច និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ទី២). ស្ថានភាពនៃការគាំពារនិងអភិវឌ្ឍន៍កុមារតូចនៅកម្ពុជា និងទី៣). កំណែទម្រង់ការគ្រប់គ្រង មត្តេយ្យសិក្សាសហគមន៍ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា។

ការគាំពារនិងអប់រំកុមារតូច គឺជាមូលដ្ឋាននៃការអភិវឌ្ឍសុខុមាលភាព និងសុខភាពរយៈពេលវែងរបស់កុមារ។ ការគាំពារនិងអប់រំកុមារតូចគឺជាសសរគ្រឹះសម្រាប់ការសិក្សាពេញមួយជីវិត តាមរយៈ ការកសាងនូវសមត្ថភាព និងបំណិន ដែលផ្តល់លទ្ធភាពឱ្យមនុស្សអាចសិក្សារៀនសូត្រពេញមួយជីវិត និងរកចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ខ្លួន ដោយបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាចាំបាច់ត្រូវតែវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សដែលមានសារៈសំខាន់ក្នុងការជួយឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៥០ និងការដោះស្រាយនូវភាពក្រីក្រនិងបញ្ហាលំបាកផ្សេងៗ។

បន្ទាប់ពីបានស្តាប់បាឋកថារួចមកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោកស្រីរដ្ឋលេខាធិការប្រចាំការ ចំពោះការធ្វើបទបង្ហាញពោរពេញទៅដោយភាពជឿជាក់ និងគ្រប់ ជ្រុង ជ្រោយ ជាពិសេសចំពោះប្រធានបទដ៏មានសារៈសំខាន់ក្នុងវិស័យអប់រំ។ បន្ថែមលើនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដូចតទៅ៖

– ទ្រឹស្តី និងការអនុវត្ត: ការអប់រំកុមារតូចត្រូវរួមបញ្ចូលទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេង ជាដើម។ នៅកម្ពុជា ការវិនិយោគលើគ្រូបង្រៀនដែលមានការបណ្តុះបណ្តាល សម្ភារៈសិក្សា និងកន្លែងសិក្សាល្អ គឺចាំបាច់ដើម្បីឱ្យការសិក្សាតាមរយៈការលេងមានប្រសិទ្ធភាព ត្រៀមខ្លួនរួចរាល់សម្រាប់ការសិក្សាកម្រិតបន្តបន្ទាប់ទៀត។

– ក្របខ័ណ្ឌទស្សនាទាន និងវប្បធម៌សាលារៀន: ការអប់រំកុមារតូចត្រូវការក្របខ័ណ្ឌទស្សនាទានច្បាស់លាស់ និងវប្បធម៌សាលារៀនដែលគាំទ្រ។ វប្បធម៌សាលារៀនវិជ្ជមាន បង្កើតបរិយាកាសដល់កុមារមានអារម្មណ៍ឱ្យចង់ទៅសាលារៀន ចង់ចេះចង់ដឹងពេញមួយជីវិត។

– ការស្រាវជ្រាវគ្រប់ជ្រុងជ្រោយ និងការកែលម្អបន្ត: ការស្រាវជ្រាវគឺមានភាពចាំបាច់ ដើម្បីស្វែងយល់ពីស្ថានភាពអប់រំកុមារតូច និងកំណត់អ្វីដែលត្រូវកែលម្អ

– បង្រៀនកុមារឱ្យមានភាពឯករាជ្យ និងស្រឡាញ់ការសិក្សារៀនសូត្រពេញមួយជីវិត ដោយទាមទារសាលាគរុកោសល្យមានវឌ្ឍនភាព មានការសិក្សាស្រាវជ្រាវ និងគ្រូបង្រៀនត្រូវមានការបណ្តុះបណ្តាល ច្បាស់លាស់ ជាពិសេសសម្រាប់មត្តេយ្យសិក្សា

– លើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ រៀនសូត្រពីសាលារៀន ដូចជាការចុះសង្កេត និងវាយតម្លៃសាលារៀនដោយផ្ទាល់ ស្វែងយល់ពីទំនាក់ទំនងរវាងនាយក នាយិកា និងគ្រូបង្រៀន គ្រូបង្រៀននិងមាតាបិតា ឬគ្រូបង្រៀននិងសិស្សជាដើម ដើម្បីជួយគាំទ្រលើចំណុចខ្វះខាតផ្សេងៗ

– តួនាទីអ្នកនៅជុំវិញ: ការអភិវឌ្ឍកុមារអាស្រ័យលើឪពុកម្តាយ គ្រូបង្រៀន បរិស្ថាន និងបរិបទរបស់កុមារ។ ឪពុកម្តាយផ្តល់ធនធាន និងការគាំទ្រតាមផ្ទះ គ្រូបង្រៀនសម្របសម្រួលការសិក្សានៅសាលារៀន និងបរិស្ថានស្អាត (ទឹកស្អាត អាហារូបត្ថម្ភគ្រប់គ្រាន់) នឹងជួយឱ្យកុមារមានសុខភាពល្អ និងលូតលាស់បានលឿនជាងកុមារដែលរស់នៅជាមួយបរិស្ថានមិនល្អ។

– សារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការចែករំលែកធនធាន ដោយក្រសួងអប់រំ នឹងព្យាយាមបន្តគាំទ្រកំណែទម្រង់សាលារៀននេះទៅតាមលទ្ធភាព និងភាពជាក់ស្ដែង បន្ទាប់ពីធ្វើការចុះវាយតម្លៃពីក្រុមការងារជំនាញ។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណដល់លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ចំពោះការធ្វើបទបង្ហាញ និងសូមវាយតម្លៃខ្ពស់ដល់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមសិក្សារៀនសូត្រនៅមហាវិទ្យា ល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលកន្លងមក ជាពិសេសបានប្រើប្រាស់ទ្រឹស្តីដែលបានរៀន សូត្រ ទៅអនុវត្តនៅតាមសាលារៀនរបស់ខ្លួនផ្ទាល់ រហូតទទួលបានលទ្ធផលល្អជាទីមោទនៈ។ បន្ថែមលើនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់សាលារៀនដែលមិនទាន់ជាប់ឈ្មោះជាសាលារៀនគំរូ ឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបានចក្ខុវិស័យនេះនាពេលខាងមុខ ក្នុងគោលដៅបន្តនាំមកនូវធន ធានមនុស្សប្រកបដោយគុណភាពចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជា ឆ្ពោះទៅវិបុលភាព និងភាពចម្រើនរុងរឿង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print