ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រោងចក្រសហគ្រាស់ដែលមាន បុគ្គលិកចាប់ពីមួយរយនាក់ឡើងទៅ នឹងតម្រូវឲ្យមាននូវទារកដ្ឋាន ខណៈការសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៃរោងចក្រកាត់ដេរម៉ាវ៉លនាថ្ងៃនេះគឺជាលើកដំបូងបំផុតនៅកម្ពុជាយើងនេះ។
-សម្តេចធិបតី ថ្លែងណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ និងក្រសួងសុខាភិបាលឲ្យបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតចំពោះការងារទារកដ្ឋាន និងថែទាំសុខ ភាពដល់ទារក និងម្តាយរបស់ពួកគេនៅតាមរោងចក្រសហគ្រាស់នានា។
-សម្ដេចធិបតី ថ្លែងណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងក្រសួងសុខាភិបាល ត្រូវតាមដានឱ្យបានជាប់លាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការរើសអើងចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវានេះឡើយ។
-សម្ដេចធិបតី ថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល ឆ្លងទន្លេ កូន១ ឧបត្ថម្ភក្រាក់ ៨០ម៉ឺនកូន២ ឧបត្ថម្ភ១លាន ៦០ម៉ឺនរៀលកូន៣ ឧបត្ថម្ភ១ លាន ៨០ម៉ឺនរៀល និងកូនភ្លោះ៣ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថែមទៀតផង។
-សម្ដេចធិបតី ថ្លែងថា ប.ស.ស ជាគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយនេះ។ ប ស ស មិនត្រឹមតែជួយដល់សេវាសុខភាពនោះទេ ប ស ស អាចជួយដល់គ្រោះថ្នាក់ការងារផងដែរ។
-សម្ដេចធិបតី ថ្លែងថា កម្មករនិយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមា២០៨ដុល្លារអាមេរិក, ប្រាក់ឈ្នួលខ្ពស់បំផុត ៧០០ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត ២៥៤ដុល្លារ។ បន្ថែមពីលើនេះ កម្មករ និយោជិត ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន ១៩ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ដុល្លារ ទៅ១១ដុល្លារក្នុងមួយខែ, ឧបត្ថម្ភប្រាក់ចំនួន ៥ដុល្លារក្នុងមួយខែក្នុងទារកម្នាក់ រហូតដល់អាយុ ៣៦ខែ (សម្រាប់អ្នកដែលមិនយកកូនមកដាក់ក្នុងទារកដ្ឋាន)។
-សម្ដេចធិបតី ថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះការជីវៈ ដែលបានរៀបចំទារកដ្ឋាន១៣កន្លែង នៅតាមរោងចក្រសហគ្រាស នៅទូទាំងប្រទេស។
សូមជម្រាបជូនថា រោងចក្រកាត់ដេរម៉ាវ៉ល ជារោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា បើកដំណើរការកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រោងចក្រនេះមានចំនួន៣៣អគារ ហើយកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបជាដើម។
បច្ចុប្បន្នរោងចក្រនេះ មានកម្មករនិយោជិតប្រមាណជា ១៨,៧៤៤នាក់ ស្ត្រី ១៧,៥៩៧នាក់។ កម្មការិនីមានផ្ទៃពោះលើស៣ខែមានចំនួន ១,០៤២នាក់ និងមានទារក និងកុមារអាយុលើសពី ៣-៣៦ខែមានចំនួន ១,០៩២នាក់។
កម្មករ និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារអាមេរិក, ប្រាក់ឈ្នួលខ្ពស់បំផុត ៧០០ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត ២៥៤ដុល្លារ។ បន្ថែមពីលើនេះ កម្មករ និយោជិត ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន ១៩ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ដុល្លារ ទៅ១១ដុល្លារក្នុងមួយខែ, ឧបត្ថម្ភប្រាក់ចំនួន ៥ដុល្លារក្នុងមួយខែក្នុងទារកម្នាក់ រហូតដល់អាយុ ៣៦ខែ (សម្រាប់អ្នកដែលមិនយកកូនមកដាក់ក្នុងទារកដ្ឋាន)។
អគារទារកដ្ឋានរបស់រោងចក្រម៉ាវ៉ល ត្រូវបានរៀបចំដោយមានទំហំផ្ទៃក្រឡាសមស្រប ដែលជាមូលដ្ឋានសម្រាប់ការធ្វើចលនារបស់ទារក និងកុមារចេះដើរតេះតះ។ អគារទារកដ្ឋាននេះ អាដាក់ទារក និងកុមារចំនួនប្រមាណ ៩០០នាក់៕
ដោយ៖តារា