ជនជាតិ​វៀតណាម​រស់នៅ​តាម​មាត់​ទន្លេក្នុង​សង្កាត់ក្រគរបើកសប្បកម្មកែច្នៃ​ឈើប្រណិតខុសច្បាប់ជាច្រើនកន្លែង

ចែករំលែក៖

ខេត្តក្រចេះ៖ ពលរដ្ឋរស់នៅក្រុងក្រចេះសង្កេតឃើញថា ជនជាតិវៀតណាមជាច្រើនគ្រួសារដែលបានតាំងទីលំនៅតាមមាត់ទន្លេ ក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ កំពុងយកទីតាំងនោះជាកន្លែងជួញដូរឈើប្រណិត និងកែច្នៃគ្រឿងសង្ហារឹម ។ អាជីវកម្មរបស់ជនជាតិវៀតណាម ទាំងនោះ ក៏ត្រូវរិះគន់ថា កំពុងធ្វើឲ្យប៉ះពាល់បរិស្ថានខណៈដែលកំទិចឈើជាច្រើនត្រូវគេបូសទម្លាក់ចូលទឹកទន្លេមេគង្គ ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលអាស្រ័យផលទឹកទន្លេនេះ។

ជាងនេះទៅទៀត ពលរដ្ឋបានស្នើឱ្យអាជ្ញាធរចុះត្រួតពិនិត្យលើទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ប្រមាណជាង២០កន្លែង ដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះ ហើយនៅតាមសិប្បកម្មកែច្នៃឈើនីមួយៗ អាចមានជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ សំងំលាក់ខ្លួននៅតាមរោងសិប្បកម្មកែច្នៃឈើទាំងនោះ ។

ពលរដ្ឋរស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ នៅថ្ងៃទី២០ ខែសីហា បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសព្រៃឈើ និងអាជីវកម្មកែច្នៃគ្រឿងសង្ហារិមខុសច្បាប់របស់ជនជាតិវៀតណាមជាង២០កន្លែង តាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះ ។

ពលរដ្ឋបានអះអាងថា ឈើប្រណិតគ្រប់ប្រភេទដែលជនជាតិវៀតណាម យកមកកែច្នៃធ្វើជាគ្រឿងសង្ហារិមសម្រាប់លក់បន្ត គឺពួកគេបានទិញពីក្រុមឈ្មួញមួយចំនួនដែលដឹកតាមម៉ូតូ តាមរថយន្ត ចេញពីតំបន់ផ្សេងៗ យកមកលក់ឱ្យជនជាតិវៀតណាមដល់រោងសិប្បកម្មតែម្តង ។ ចំណែកអាជ្ញាធរក្រុងខេត្ត ពិសេសជំនាញរដ្ឋបាលព្រៃឈើនៅមិនមានវិធានការដើម្បីទប់ស្កាត់នៅទេ ។

យ៉ាងណាក៏ដោយ បើតាមការឱ្យដឹងពីម្ចាស់រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ បានបង្ហើបប្រាប់ថា ពួកគេបានបង់លុយជាខែ ឬហៅថា ដាក់ខែ ទៅឱ្យសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន បើពួកគេមិនបង់លុយទេនោះ គឺពួកគេមិនអាចបើកបានទេ កុំថាឡើយដល់ទៅបើករោងសិប្បកម្ម សុំបីតែម៉ូតូដឹកឈើដាក់ចូលតាមរោងសិប្បកម្មក៏ដឹកមិនបានផង បើមិនបង់លុយនោះ ។

ពាក់ព័ន្ធនឹងការបើករោងសិប្បកម្មកែច្នៃឈើខុសច្បាប់ ជាង២០កន្លែង របស់ជនជាតិវៀតណាមខាងលើនេះ មិនអាចស្វែងរកប្រភពសុំការបំភ្លឺ ពីលោក ទ្រី សុភក្រ័ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះបានទេ នៅរសៀលថ្ងៃទី២០ខែសីហានេះ ។

តែបើតាមការលើកឡើងពីសំណាក់ពលរដ្ឋបាននិយាយថា កន្លងទៅក៏ធ្លាប់មានពលរដ្ឋបានរាយការណ៍ទៅឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ស្នើឱ្យចុះមកត្រួតពិនិត្យ តែមន្ត្រីទាំងនោះ បែរជាប្រាប់ឱ្យម្ចាស់សិប្បកម្មឱ្យផ្អាកសកម្មភាពមួយរយៈសិន និងឱ្យរុះរើម៉ាស៊ីនកែច្នៃឈើទុក និងលើកឈើដែលមាននៅក្នុងរោងសិប្បកម្មលាក់ទុកសិន ហើយពួកគេនិងលើកគ្នាចុះមកត្រួតពិនិត្យធ្វើដូចជាមកចាប់បង្ក្រាប តែលទ្ធផលគឺធ្វើឱ្យល្អមើលតែប៉ុណ្ណោះ ។ ហើយដល់ពេលមន្ត្រីរដ្ឋបាលព្រៃឈើត្រឡប់ទោវិញ គឺពួកគេនិងចាប់ដំឡើងម៉ាស៊ីន ហើយធ្វើសកម្មភាពកែច្នៃឈើបន្តទៀត ។

ជាងនេះទៀតរបស់ពលរដ្ឋទាំងនោះបាននិយាយថា គ្រប់រោងសិប្បកម្មទាំងអស់ ដែលកំពុងតែបើកការកែច្នៃឈើខុសច្បាប់ប្រមាណជាង២០កន្លែង នៅតាមបណ្តោយមាត់ទន្លេក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ គឺបានបង់លុយជាខែជូនក្រុមមន្ត្រីរដ្ឋបាលព្រៃឈើទាំងនោះជាថ្នូរនិងការមិនចាប់បង្ក្រាប ៕

katiekatie1 katie2 katie3 katie4

ដោយ៖ កោះទ្រុង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print