តុលាការ ICC ចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សអស់ជិត១ម៉ឺននាក់

ចែករំលែក៖

ទីក្រុង​ម៉ានីល៖ លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន​ ត្រូវបានប៉ូលីស Interpol ចាប់ខ្លួនលោកភ្លាមៗនៅពេលលោកមកដល់អាកាសយានដ្ឋានម៉ានីលនៃប្រទេសហ្វីលីពីន​ នៅព្រឹកថ្ងៃអង្គារទី១១​ ខែមីនា​នេះ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បាននិយាយថា ខ្លួននឹងបន្តការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប់សង្ស័យទាក់ទងនឹងតួនាទីរបស់លោក Duterte ក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតីដោយលោកបានធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់ប្រជាជនហ្វីលីពីនរាប់ពាន់នាក់។

លោក Salvador Panelo អតីតទីប្រឹក្សាច្បាប់របស់លោក Duterte បានចាត់ទុកការចាប់ខ្លួននេះគឺខុសច្បាប់ ហើយបាននិយាយថា ប៉ូលីសមិនអនុញ្ញាតឱ្យមេធាវីរបស់លោកទៅជួបលោក Duterte នៅព្រលានយន្តហោះនោះទេ។

លោក Duterte បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងទីក្រុងហុងកុងថា លោកត្រៀមខ្លួនជាស្រេចក្នុងការចាប់ខ្លួន ប្រសិនបើ ICC ចេញដីកា លោកបានបដិសេធចំពោះការបញ្ជាឱ្យប៉ូលិសសម្លាប់ជនសង្ស័យគ្រឿងញៀន លុះត្រាតែមានបាញ់តដៃជាមួយប៉ូលីសទើបត្រូវបានសម្លាប់។

ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយថា ខ្លួនបានទទួលច្បាប់ចម្លងជាផ្លូវការនៃដីកាដែលតម្រូវឲ្យចាប់ខ្លួនលោក Duterte ដោយប៉ូលិស ហើយឥឡូវនេះលោក Duterte ត្រូវបានជាប់ឃុំ។

...

គួរបញ្ជាក់ថាក្នុងកាលកាន់អំណាចរបស់លោក Rodrigo Duterte សង្គ្រាមប្រឆាំងគ្រឿងញៀនគឺជាគោលនយោបាយយុទ្ធនាការដែលបាននាំឲ្យលោក Rodrigo Duterte ឡើងកាន់អំណាចក្នុងឆ្នាំ ២០១៦។ ក្នុងការកាន់អំណាចរបស់លោកនោះមានជនសង្ស័យចំនួន ៦,២០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀនដែលជនសង្ស័យទាំងនោះត្រូវបានបាញ់ប្រហារដោយប៉ូលីស ហើយចំនួនពិតប្រាកដនៃការបង្រ្កាបមានច្រើនជាងនេះទៅទៀត ដោយមានអ្នកប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់ ដែលភាគច្រើនត្រូវបានបញ្ចូលក្នុង “បញ្ជីតាមដាន” ផ្លូវការត្រូវបានសម្លាប់ក្នុងកាលៈទេសៈអាថ៌កំបាំង។ លោក Duterte ក៏បានដកហ្វីលីពីនជាឯកតោភាគីចេញពីសមាជិក ICC ក្នុងឆ្នាំ ២០១៩៕ដោយ៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print