ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន រម្លឹកទស្សនៈ « សុំកុំសួរថាប្រទេសរបស់អ្នក ផ្ដល់អ្វីខ្លះដល់អ្នក ត្រូវសួរថា អ្នកអាចធ្វើអ្វីខ្លះដល់ប្រទេសរបស់ខ្លួន» ដែលជាទស្សនៈរបស់អតីតប្រធានាធិបតីអាមេរិក John F. Kenedy។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទស្សនៈនេះជាទស្សនៈដ៏ត្រឹមត្រូវ បណ្ដុះស្មារតីស្នេហាជាតិ តាមរយៈការចូលរួមស្ថាបនា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងបែបនេះ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រ ដល់សិស្សនិស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចបង្កើតឱកាសទីផ្សារ បង្កើតឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែ រាជរដ្ឋាភិបាលមិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជននោះឡើយ។ យុវជន មានកាតព្វកិច្ចពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងខិតខំចាប់យកឱកាសដែលរាជរដ្ឋាភិបាលបានបង្កើត និងផ្តល់ជូន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ខ្ញុំនៅតែលើកជានិច្ចនូវគំនិតដែលត្រឹមត្រូវគ្រប់សម័យរបស់អតីតប្រធានាធិបតីអាមេរិក ចន អេហ្វ ខេណេឌី (John F. Kenedy) នៅឆ្នាំ១៩៦១ ដែលលើកឡើងថា «សូមកុំសួរថា ប្រទេសរបស់អ្នក ផ្តល់អ្វីខ្លះដល់អ្នក ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសរបស់ខ្លួន?»។ នេះគឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយៈការចូលរួមដោយលក្ខណៈស្ថាបនា និងមានការទទួលខុសត្រូវរៀងៗខ្លួន»។
នៅចំពោះមុខនិស្សិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា និស្សិតទទួលសញ្ញាបត្រនាពេលនេះ នឹងយកចំណេះដឹងដែលទទួលបានពីការសិក្សាទៅអនុវត្តការងារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវ ការជាក់ស្ដែងតាមវិស័យនីមួយៗ អាចជាការងារក្នុងស្ថាប័នរដ្ឋ, ការងារក្នុងវិស័យឯកជន ឬអង្គការជាតិ និងអន្តរជាតិនានា ឬស្វ័យនិយោជ នៅក្នុងពេលនោះ ប្អូនៗនឹងយល់កាន់តែច្បាស់ថា ចំណេះដឹងដែលទទួលបានពេលសិក្សាចាំបាច់ត្រូវគួបផ្សំនឹងបទពិសោធន៍ ទទួលបានការអនុវត្តជាក់ស្តែង រួមទាំងគំនិតជាច្រើនផ្សេងទៀត ស្របតាមស្ថានភាព គំនិតច្នៃប្រឌិត និងកាលៈទេសៈ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថានិស្សិតទទួលសញ្ញាបត្រនេះ នឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ ក្នុងការងារ សីលធម៌ល្អ ដើម្បីចូលរួមកសាងជាតិទាំងអស់គ្នា៕
ដោយ ៖ សិលា