ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ២រសៀល បានធ្វើបទបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុប ប្រមាណចំនួន ៤០០០នាក់។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងថែមទៀត ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយត្រូវធានាមិនអោយមានការរើសអើង និងត្រូវពង្រឹងចំណុចដែលអនុវត្តកន្លងមកដែលនៅមានការខ្វះខាត ព្រមទាំងពិនិត្យនូវចំណុចខ្លាំង ចំណុចវិជ្ជមាន និងបន្តអភិវឌ្ឍន៍រិះរកមធ្យោបាយល្អៗ ថ្មីថែមទៀតក្នុងបរិបទនវានុវត្តន៍ទាំងចំណេះដឹងទាំងបច្ចេកវិទ្យា ដើម្បីឈានសម្រេចបានជាបន្តបន្ទាប់ជោគជ័យជាទីពេញចិត្តលើការបម្រើសេវាសុខាភិបាល ដែលជាកាត្វកិច្ចរបស់មន្ត្រីសុខាភិបាលទាំងអស់គ្នា។
ក្នុងនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើដំណោះស្រាយមួយចំនួន ១) ត្រូវពិនិត្យរាល់មតិលើកឡើង ដើម្បីឆ្លុះបញ្ចាំងជាមួយការជាក់ស្តែង ដោយត្រូវពិនិត្យឱ្យគ្រប់ស្ថានភាព បើល្អត្រូវបង្កើនការប្រុងប្រយ័ត្ន និងជៀងវាង ២) ថ្នាក់ដឹកនាំបន្តចុះពិនិត្យ ដោយដាក់ក្រុមការងារចុះជាក់ស្តែងមិនឱ្យដឹងព័ត៌មានជាមុន ៣) គោលការណ៍កែលម្អឱ្យចំកន្លែងខ្វះខាត និងលើកសរសើរកន្លែងខិតខំជាទូទៅ ដើម្បីបងប្អូនមានទឹកចិត្តខិតខំបន្តទៀត ៤) នៅតាមមន្ទីរពេទ្យ ឬកន្លែងផ្តល់សេវា ត្រូវរៀបចំឱ្យមានប្រអប់សំបុត្រឱ្យបានស្អាតល្អ និងមាន QR Code សម្រាប់ទទួលនូវមតិយោបល់របស់ប្រជាពលរដ្ឋ ទាំងគ្រប់ទិដ្ឋភាព រិះគន់ស្ថាបនា ឬ សំណូមពរ ៥) បន្តយន្តការជាប្រចាំ ដោយត្រូវមានការសហការឱ្យបានជិតស្និតជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ៕ដោយ៖តារា